ភ្នំពេញ៖ នៅម៉ោងប្រមាណ ១០:០០ព្រឹកថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួប លោក ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុន ដើម្បីពិភាក្សាការងារមួយចំនួន នៅវិមានសន្តិភាព។
យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា លោក ម៉ូតេហ្គី តូស៊ីមីត្សឹ បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ជាលើកដំបូងនៅកម្ពុជា ក្នុងតំណែងជារដ្ឋមន្ត្រីការបរទេស ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា។
ក្រៅពីជំនួបជាមួយ សម្តេចតេជោនាយករដ្ឋមន្រ្តី នៅពេលរសៀលថ្ងៃដដែលនេះ លោក ម៉ូតេហ្គី តូស៊ីមីត្សឹ នឹងជួបពិភាក្សាការងារទ្វេភាគី ជាមួយ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាផងដែរ។
ដំណើរទស្សនកិច្ចរបស់ លោករដ្ឋមន្ត្រីការបរទេសជប៉ុន នៅកម្ពុជាពេលនេះគឺជួយពង្រឹង និងពង្រីកថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់រវាងកម្ពុជា និងជប៉ុន នៅលើគ្រប់វិស័យទាំង នៅក្នុងក្របខ័ណ្ឌទេ្វភាគី និងពហុភាគី។
ដំណើរទស្សនកិច្ចនេះ ក៏ជាការបង្ហាញនូវសាមគ្គីភាព មិតត្តភាពក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតសកលកូវីដ-១៩ ក៏ដូចជាកិច្ចសហប្រតិបត្តិការ ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ ផងដែរ ៕