ភ្នំពេញ៖ សមត្ថកិច្ចនគរបាលនៃ ស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ បាន សម្រេចឃាត់ខ្លួន ជនសង័្សយម្នាក់ ក្នុងអំពើឃាតកម្មវាយសម្លាប់ ជនរងគ្រោះនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។
ស្នងការនគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា ជនសង្ស័យម្នាក់ដែលត្រូវបាន ឃាត់ខ្លួនមានឈ្មោះ ធា ធី ភេទប្រុស អាយុ ៣៩ ឆ្នាំ ស្នាក់នៅស៊ីឈ្នួលធ្វើ ចំការឱ្យគេនៅភូមិតានួត ឃុំព្រះផុស ស្រូកគាស់ក្រឡ ខេត្តបាត់ដំបង ដែលបានធ្វើសកម្មភាពវាយ សម្លាប់ឈ្មោះ មិត មី ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិតានួត ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ក្រោយមានជម្លោះក្នុងពេល ផឹកស៊ីជាមួយគ្នារួចមក។
លោកវរសេនីយ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ មានការជួបជុំផឹកស៊ី នៅក្នុងភូមិកើតហេតុខាងលើ ដែលការផឹកស៊ី នេះបានផ្តើមឱ្យកើតមាន ទំនាស់ពាក្យសំដី រវាងជនរងគ្រោះ និងជនសង័្សយ និងឈានដល់ការ វាយតប់គ្នាមួយប្រាវ ហើយក៏បញ្ឈប់សកម្មភាពនោះទៅ ។ លុះព្រឹកឡើងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ក៏មានការភ្ញាក់ផ្អើលមួយ ក្នុងមូលដ្ឋានខាងលើ ដោយសារគេប្រទះឃើញ ជនរងគ្រោះឈ្មោះ មិត មី ដេកស្លាប់នៅតាមផ្លូវដោយ មានស្លាកស្នាម របួសលើផ្ទៃមុខផង ។ ផ្តើមពី បញ្ហាដូចខាងលើទើប សមត្ថកិច្ចនគរបាលធ្វើការ ស្រាវជ្រាវស៊ើបអង្កេតលើករណីនេះ ក្រោមបទបញ្ជារបស់លោកស្នងការ រហូតឈានទៅកំណត់ បានអំពីមុខសញ្ញាធ្វើសកម្មភាព។
លោកវរសេនីយ៍ឯក អូន ហ្វៃ នាយការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់បានឱ្យដឹងថា នៅចំពោះមុខសមត្ថកិច្ច ជនសង័្សយឈ្មោះ ធា ធី បានឆ្លើយសារភាពថា រូបគេពិតជាបានប្រើប្រាស់ពូ ថៅ ពួនស្ទាក់ចាំកាប់សម្លាប់ ជនរងគ្រោះខាងលើពិតប្រាកដមែន ហើយមូលហេតុនៃ ករណីកាប់សម្លាប់បែបនេះ ដោយសារទំនាស់ពាក្យសំដី ជាមួយគ្នាក្នុងពេលជួបជុំ ផឹកស៊ីនាយប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ រហូតឈានដល់ការវាយតប់គ្នា នៅពេលនោះផង។
លោកវរសេនីយ៍ឯក អូន ហ្វៃ បានឱ្យដឹងទៀតថា ពូថៅដែលជនសង័្សយ ប្រើប្រាស់ក្នុងសកម្មភាព នេះនគរបាលកំពុងស្វែងរកនៅឡើយ ដោយសារជនសង័្សយឆ្លើយថា បានយកទៅ លាក់ទុកនៅជិតទីកន្លែងកើតហេតុ ។ តែទោះជាយ៉ាងនេះក៏ដោយ សមត្ថកិច្ចបានរៀបចំ សំណុំ រឿងបញ្ជូនជនសង័្សយទៅកាន់តុលា ការខេត្តបាត់ដំបង ដើម្បីអនុវត្តតាមផ្លូវច្បាប់ ៕