ភ្នំពេញ៖ ក្រោយមានប្រតិកម្មពីថ្នាក់ដឹកនាំ និងរងការរិះគន់យ៉ាងចាស់ដៃ ពីប្រជាពលរដ្ឋតាមរយៈបណ្ដាញ សង្គមហ្វេសប៊ុកនោះ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យមើលនិងណែនាំ ដល់ក្រុមឈ្មួញឲ្យបញ្ឈប់ សកម្មភាពជីកកកាយយកអាចម៍ដី ក្នុងផ្ទៃបាតស្ទឹងសិរីសោភ័ណ ជាប់ទីតាំងក្បាលស្ពានទឹកថ្លា ដែលជាស្ពានដែកពីបន្សល់ទុក ពីសម័យសង្គមឲ្យក្មេង ជំនាន់ក្រោយបានស្គាល់ ។
រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបំភ្លឺតាមរយៈគេហទំព័រហ្វេសប៊ុកក្នុង ន័យដើមទាំងស្រុងថា ថ្ងៃនេះក្រោយទទួល ព័ត៌មានរាយការណ៍ពី អាជ្ញាធរក្រុងសិរីសោភ័ណ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាឲ្យអាជ្ញាធរក្រុង រួមជាមួយកងកម្លាំងសមត្ថកិច្ច ចុះឃាត់គ្រឿងចក្ររបស់ ឈ្មួញ ដែលបានកំពុងធ្វើសកម្មភាព ជីកកកាយយកអាចម៍ដី ក្នុងផ្ទៃបាតស្ទឹងសរីសោភ័ណ ជាប់ទីតាំងក្បាលស្ពានទឹកថ្លា (ស្ពានដែកពីសង្គម) ដោយគ្មានការអនុញ្ញាត ច្បាប់ត្រឹមត្រូវ មករក្សាទុកជាបណ្តោះអាសន្ន នៅប៉ុសិ៍តនគរបាលរដ្ឋបាលសង្កាត់ទឹកថ្លា ។
កន្លងមកក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពខេត្ត ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត ប្រធានអង្គប្រជុំ ធ្លាប់បានណែនាំដល់ ជំនាញធនធានទឹកខេត្ត និងអាជ្ញាធរក្រុង សង្កាត់ឲ្យចុះពិនិត្យមើល ណែនាំដល់ក្រុមឈ្មួញខាងលើ ឲ្យបញ្ឈប់សកម្មភាពកាយ តែនៅតែលួចបន្តធ្វើសកម្មភាពមក ។ ស្របពេលក្នុងឱកាស ថ្ងៃសម្រាកសងបុណ្យចូលឆ្នាំ មន្ត្រីរាជការឈប់សម្រាក ជាក់ស្តែងថ្ងៃទី២០ សីហា ឆ្នាំ២០២០នេះ សកម្មភាពនៃការជីកកកាយ បានធ្វើឲ្យរាលដាលកាន់តែខ្លាំង ដល់ចំណុចសសរជើងស្ពានដែក ដែលបន្សល់ទុកពីសម័យសង្គមមក ដែលបច្ចុប្បន្នថ្នាក់ដឹកនាំខេត្ត ពិសេសឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកជំទាវ លោកបានយកចិត្តទុកដាក់ ធ្វើការរក្សាអភិរក្សរៀបចំកែលម្អទុក ដើម្បីកូនចៅជំនាន់ក្រោយបានឃើញ។
ជាមួយគ្នានេះក្នុងឆ្នាំ២០១៩កន្លងមក ដោយគំនិតចង់អភិរក្ស រក្សាការពាររៀបចំបន្ថែមនោះ ឯកឧត្តម អ៊ុំ រាត្រី ក្នុងនាមរដ្ឋបាលខេត្ត បានប្រើប្រាស់ថវិកាអភិវឌ្ឍន៍ ខេត្តរៀបចំឲ្យមានជាសួនផ្កាចម្រុះ និងភ្លើងបំភ្លើពេលរាត្រី នៅម្ខាងស្ពានក៍មានរៀបចំជាសួន និងរូបសំណាកលោកយាយសំផងដែរ ។
ក្នុងនាមរដ្ឋបាលខេត្តសូមបញ្ជាក់ ជូនសាធារណៈមតិ និងបណ្តាញផ្សព្វផ្សាយ ទាំងអស់មេត្តាជ្រាបថា ជុំវិញករណីខាងលើនេះ ខេត្តមិនបានអនុញ្ញាតឲ្យ មានការជីកកកាយយ៉ាងអនាធិបតេយ្យ ដូចពាក្យចោតប្រកាន់ បំភ្លើស បំផ្លៃផ្ទុយពីការពិត និងចោតរិះគន់មកលើអាជ្ញាធរខេត្ត ឯកឧត្តម អភិបាលខេត្ត ថាមានការអនុញ្ញាតនោះ ។ ផ្ទុយទៅវិញឯកឧត្តមអភិបាលខេត្ត បានដឹកនាំគិតគូររៀបចំឲ្យមានសួនច្បារ ភ្លើងបំភ្លឺ និងហើយថ្ងៃនេះក្រោយទទួលបានព័ត៌មាន សេចក្តីរាយការណ័របស់លោក ហ៊ឹល រ៉ាយ៉ា ភ្លាមៗ លោកបានបញ្ជាឲ្យចុះឃាត់ គ្រឿងចក្រដែលកំពុងធ្វើ សកម្មភាពជាបណ្តោះអាសន្ន ៕