តម្លៃកៅស៊ូ ហក់ឡើង និងមានទីផ្សារល្អជាងមុន ខណៈឆ្នាំ២០២០ កម្ពុជាអាចនាំចេញកៅស៊ូបាន ៣០ម៉ឺនតោន (Video)

0

ភ្នំពេញ៖ មន្រ្ដីជំនាញក្រសួងកសិកម្ម បានអះអាងថា បច្ចុប្បន្នតម្លៃកៅស៊ូនាំចេញ ទៅកាន់ទីផ្សារអន្ដរជាតិ មានការកើនឡើង និងមានទីផ្សារល្អជាងពេលមុន បន្ទាប់ពីមានភាពស្ងប់ស្ងាត់មួយ រយៈ ដោយសារការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅជុំវិញពិភពលោក ខណៈក្នុងឆ្នាំ២០២០នេះ កម្ពុជាអាចនាំចេញកៅស៊ូបាន ៣០ម៉ឺនតោន ។ នេះបើយោងតាម AKP ។

លោក ប៉ុល សុផា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃ អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា នៅដើមខែសីហា និងចុងខែកញ្ញា ឆ្នាំ២០២០ខាងមុខនេះ តម្លៃកៅស៊ូនឹងមានការកើនឡើងបន្ដិចវិញ ពោលគឺអាចមានតម្លៃពី ១៣០០ដុល្លារ ទៅ១៤០០ដុល្លារអាមេរិក ក្នុង១តោន។

លោកឲ្យដឹងបន្ថែមថា ការកើនឡើងនូវតម្លៃកៅស៊ូនេះ ដោយសារតែទីផ្សារអន្តរជាតិមានកំណើន តម្រូវការ ខណៈដែលការនាំចេញកៅស៊ូ ទៅទីផ្សារអន្ដរជាតិរួមមានប្រទេស វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងសហគមន៍អឺរ៉ុបជាដើម គឺមិនមានការកកស្ទះដូចមុននោះទេ។

លោកបានបញ្ជាក់ថា ក្នុងឆ្នាំ២០២០នេះ កម្ពុជាអាចនាំចេញកៅស៊ូបានចំនួន ៣០ម៉ឺនតោន ខណៈដែលរយៈពេល ៦ខែ ដើមឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញកៅស៊ូបានចំនួន ១០ម៉ឺនតោន ធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៩ មានកើនឡើង។

លោក ប៉ុល សុផា សង្កត់ធ្ងន់ថា «ដោយយើងសង្ឃឹមថា នឹងបាន ៣០ម៉ឺនតោន ដោយសារកៅស៊ូដែលមាន រដូវចាប់ពីខែ១ខែ២ខែ៣នេះ រហូតដល់ខែ៥ ប្រមូលផលបានទាប ដែលប្រមូលតាមរដូវ អញ្ចឹងឥឡូវនេះយើង ប្រមូលផលបានចំនួន ២៩ម៉ឺនហិកតា ដែលយើងសង្ឃឹមថា បានចំនួន ៣៥ម៉ឺនតោន ក្នុងឆ្នាំ២០២០»។

លោកបានរំលឹកឲ្យដឹងថា នៅកម្ពុជាចាប់ពីឆ្នាំ២០១១ រហូតមកដល់រយៈពេល ប៉ុន្មានខែចុងក្រោយនេះ តម្លៃកៅស៊ូបន្តធ្លាក់ចុះយ៉ាងគំហុក ជាមួយនឹងតម្លៃនាំចេញប្រមាណតែ ១.២០០ដុល្លារ ក្នុងមួយតោនតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា បើតាមក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា បច្ចុប្បន្នកម្ពុជា មានផ្ទៃដីដំាកៅស៊ូសរុបប្រមាណជាង ៤០ ម៉ឺនហិកតាក្នុងនោះផ្ទៃដី ចៀរជ័រមានចំនួនជាង ២៥ម៉ឺនហិកតា ខណៈផ្ទៃដីថែទាំមានជាង ១៥ម៉ឺនហិកតា ដែលគិតជាផលិតផលកៅស៊ូ សម្រេចបានជិត ២ម៉ឺនតោន ៕