Diamond Sound ដែលលួចលាក់បើកខារ៉ាអូខេ ត្រូវអាជ្ញាធរចុះបិទអាជីវកម្មហើយ

0

ភ្នំពេញ៖ គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌប្ញស្សីកែវ សម្រេចបិទអាជីវកម្ម ខារ៉ាអូខេ ឈ្មោះ ដាយមិនសោន (Diamond Sound) ដែលលួចលាក់បើកបម្រើសេវាខារ៉ាអូខេ ដែលមិនបានប្រែក្លាយជាភោជនីយដ្ឋាន ផ្ទុយពីការណែនាំ របស់ក្រសួងសុខាភិបាល ក្នុងការចូលរួមការពារ និងទប់ស្កាត់ជម្ងឺកូវីដ-១៩ ។

កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ គណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌប្ញស្សីកែវ ដឹកនាំដោយ លោកជា ពិសី ជាប្រធាន និងជាអភិបាលខណ្ឌ និង មានការចូលរួមពី លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ ការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ ចៅសង្កាត់ស្វាយប៉ាក មន្រ្តីនគរបាល និងសណ្តាប់ធ្នាប់ខណ្ឌ បានចុះត្រួតពិនិត្យទីតាំងខារ៉ាអូខេ(KTV) ចំនួន ០៣ កន្លែង ស្ថិតនៅក្នុងសង្កាត់ស្វាយ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

ជាលទ្ធផល ទីតាំងខារ៉ាអូខេទាំង ៣ទីតាំងនេះ មាន ១ទីតាំងបានលួចបើក ដំណើរការបន្ទប់ខារ៉ាអូខេ ដែលផ្ទុយពីការណែនាំ របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ខារ៉ាអូខេ ដាយមិនសោន (Diamond sound) ចំណែកឯ ២ទីតាំងផ្សេងទៀត ១ទីតាំងមិនបើកដំណើរការ និង ១ទីតាំងទៀត បានបើកដំណើរការជាធម្មតា មានលក្ខណៈជាភោជនីយដ្ឋាន។

ឆ្លៀតក្នុងឱកាសនោះដែរ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានធ្វើការណែនាំ និងធ្វើកិច្ចសន្យាបិទអាជីវកម្ម ជាមួយ ម្ចាស់ទីតាំង Diamond Sound ដែលបានអនុវត្តផ្ទុយពី ការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការចូលរួមការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ៕