ភ្នំពេញ៖ ក្រោយពីសង្កេតឃើញ ករណីចោលសំរាម ពាសវាលពាសកាល នៅតាមឆ្នេរសមុទ្យ នៅតែបន្តកើតមាននោះ ក្រសួងបរិស្ថាន បានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមថែរក្សាអនាម័យបរិស្ថាន និងវេចខ្ចប់ទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ។
ក្រសួងបរិស្ថាន បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុក យ៉ាងដូច្នេះថា «ទេសភាពឆ្នេរសមុទ្រស្អាតណាស់ ប៉ុន្តែសំរាមទាំងនេះ បានធ្វើឱ្យទេសភាព ទាំងនេះប្រែជាអាក្រក់! តើយើងអាចចូលរួមទាំងអស់គ្នា ដើម្បីថែរក្សាឆ្នេរសមុទ្រយើង ឱ្យស្រស់ស្អាតជារៀងរហូតទេ? បងប្អូនត្រូវវេចខ្ចប់សំរាម និងទុកដាក់ក្នុងធុងសំរាមនៅក្បែរនោះ មិនគួរណាបោះចោល អនាធិបតេយ្យយ៉ាងនេះទេ! បងប្អូនដើរកម្សាន្តចង់ បានទេសភាពស្អាត ចុះបើបងប្អូនមួយចំនួនតូច មិនចូលរួមថែរក្សា ហើយបន្សល់ទុកសំរាមរបស់ខ្លួន ពាសវាលពាសកាលដូច្នេះ តើបងប្អូនប្រជាពលរដ្ឋផ្សេងទៀត នឹងមកទស្សនាទីនេះទៀតទេ? សូមចូលរួមថែរក្សាអនាម័យបរិស្ថាន និងវេចខ្ចប់ទុកដាក់ សំរាមឱ្យបានត្រឹមត្រូវ ទោះបីបងប្អូនអញ្ជើញ ដល់ទីណាក៏ដោយ សូមចាត់ទុកទីកន្លែងនោះ ជាផ្ទះរបស់យើង ចូលរួមសម្អាតបរិស្ថានយើង!» ។
ជាមួយគ្នានេះ ក្រសួងបរិស្ថាន ក៏បានថ្លែងអំណរគុណ ចំពោះបងប្អូនប្រជាពលរដ្ឋភាគច្រើន ដែលបានប្រកាន់ខ្ជាប់ នូវអនាម័យបរិស្ថាន! រមណីយដ្ឋានស្អាត បរិស្ថានល្អ ។
ពាក់ព័ន្ធបញ្ហានេះដែរ លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានថ្លែងតាមរយៈហ្វេសប៊ុកថា ក្នុងឱកាសសម្រាក សងថ្ងៃបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ភ្ញៀវដែលមកសម្រាកកម្សាន្ត នៅខេត្តព្រះសីហនុ រយៈពេល ៣ថ្ងៃ (១៧-១៩ ខែសីហា ឆ្នាំ២០២០) មានចំនួនសរុប ៦៧.១២៦នាក់។
លោកបញ្ជាក់ថា ក្នុងនោះយើងសង្កេតឃើញថា មានបងប្អូនមួយចំនួនតូច ហាក់នៅមិនទាន់មាន ការយល់ដឹងអំពីការទុកដាក់ កាកសំណល់សំរាមដែលសល់ ពីការបរិភោគរបស់ខ្លួន ឱ្យបានត្រឹមត្រូវ ជាពិសេសក្នុងការថែរក្សាអនាម័យ និងកិច្ចការពារបរិស្ថាន បែរជាចោលសំរាមពាសវាលពាសកាល ដែលទង្វើនេះបានឱ្យធ្វើប៉ះពាល់ ដល់សោភ័ណភាពតំបន់ទេសចរណ៍ កន្លែងកំសាន្ដជាពិសេស គឺសេចក្តីថ្លៃថ្នូររបស់បងប្អូនផ្ទាល់ ។
លោកបន្ថែមថា បរិស្ថានល្អស្អាត ប្រកបដោយអនាម័យ មិនអាចពឹងផ្អែកត្រឹមតែ អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុនប្រមូលសំរាម តែប៉ុណ្ណោះទេ គឺត្រូវមានការចូលរួម ពីបងប្អូនដែលបោះសំរាមនេះផងដែរ ។
លោកក៏បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមកកំសាន្តនៅតាមរមណីយដ្ឋាននានា មេត្តាវេចខ្ចប់ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ៕









