ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ការកសាងសង្គមមួយដែលមានយុត្តិធម៌ តាំងពីថ្នាក់លើដល់ ថ្នាក់ក្រោមគឺជាភារកិច្ចដ៏សំខាន់ របស់យើង ប៉ុន្តែបើប្រជាជន អត់ឃ្លានយើងមិនដោះស្រាយប្រជាជនអត់បាយ ចេះតែអត់បាយទៅគេហៅថាសង្គមអយុត្តិធម៌ ហើយការកសាងសង្គមយុត្តិធម៌ មិនមែនសំដៅតែលើតុលាការកាត់ក្តីនោះទេ។
ក្នុងពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ស្ពានដែក១ខ្សែ ប្រវែង១២៦ម៉ែត្រ និងអគារសិក្សា ចំនួន ២ខ្នង នៅស្រុកបាណន់ ខេត្តបាត់ដំបងនាព្រឹកថ្ងៃពុធទី១៩ ខែសីហា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង បានណែនាំដល់អាជ្ញាធរមូលដ្ឋាន មុនធ្វើអ្វីមួយត្រូវគិតគូរផលប្រយោជន៍ប្រជាជនជាធំ ត្រូវដោះស្រាយ រាល់គ្រប់បញ្ហាជូនប្រជាពលរដ្ឋ ប្រកបដោយភាពយុត្តិធម៌ ដើម្បីភាពសុខសប្បាយក្នុងសង្គម មិនត្រូវគិតតែ ផលប្រយោជន៍គ្រួសារ បក្ខពួករបស់ខ្លួន ជាធំនោះទេ។
ជាមួយគ្នានោះសម្ដេច ស ខេង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ នៅទូទាំងប្រទេស ត្រូវរួមគ្នាថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍ ដែលកម្ពុជា យើងកំពុងមានសព្វថ្ងៃនេះ។
សម្ដេច ស ខេង បានថ្លែងបន្តថា ««ការកសាងសង្គមមួយដែលមានយុត្តិធម៌ តាំងពីលើដល់ក្រោមនេះ គឺជាភារកិច្ចដ៏សំខាន់ របស់យើង ហើយខិតខំធ្វើអំពើ ល្អជាមួយប្រជាពលរដ្ឋ ធ្វើសកម្មភាពអ្វីដែល មានផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ មិនត្រូវរំលោភបំពានទៅលើសិទ្ធិនិងផលប្រយោជន៍ របស់ប្រជាពលរដ្ឋទេ។រដ្ឋាភិបាលមួយខ្លាំងបានគឺរដ្ឋាភិបាល នោះអាស្រ័យដោយ ប្រជាពលរដ្ឋគាំទ្រ។បើរដ្ឋាភិបាលគ្មានប្រជាជន គាំទ្រមិនរដ្ឋាភិបាល នោះមិនខ្លាំងទេក្នុងបរិបទ យើងប្រកាន់យក របបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស គឺការដណ្ដើមសមានចិត្តប្រជាពលរដ្ឋ ដើម្បីគាំទ្រ កម្មវិធីនយោបាយ របស់រដ្ឋាភិបាល និងគណបក្សនយោបាយនោះ»។
សម្ដេចក្រឡាហោម ស ខេង សង្កត់ធ្ងន់ថា«បើប្រជាជន គាត់អត់ឃ្លាន យើងមិនដោះស្រាយកន្លែងណា មានទៅប្រជាជន អត់បាយចេះតែអត់បាយ ទៅអាហ្នឹងគេហៅថាសង្គមអយុត្តិធម៌[……..]ការកសាងសង្គមយុត្តិធម៌មិនមែនសំដៅតែលើតុលាការកាត់ក្តីនោះទេ។តុលាការកាត់ក្ដីគ្រាន់តែជាមួយផ្នែកមួយទេ»៕