ភ្នំពេញ ៖ លោកស្រីឱន វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបានលើកឡើងថាពិតជា មានស្រ្តីជនជាតិវៀតណាមនិងកូនប្រុសអាយុ បានលួចចេញពីការធ្វេីចត្តាឡីស័ក នៅក្នុងមន្ទីរពេទ្យបង្អែកព្រះស្តេច ខេត្តព្រៃវែង មកខេត្តកំពង់ឆ្នាំង។
លោកស្រីបញ្ជាក់តាមបណ្ដាញសង្គមតេឡេក្រាមនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ថា “មានករណីជនជាតិវៀតណាមដែលជាស្ត្រីអាយុ ៣៧ឆ្នាំ និងកូនប្រុសអាយុ ១៣ឆ្នាំ បានលួចចេញពីការធ្វេីចត្តាឡីស័កនៅក្នុងមន្ទីរពេទ្យបង្អែក ព្រះស្តេចមកខេត្តកំពង់ឆ្នាំង ពិតប្រាកដមែន”។
លោកស្រីបញ្ជាក់ថា លទ្ធផលតេស្តលេីកទី១ របស់គាត់ និងកូននៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ គឺ អវិជ្ជមានវីរុសកូវីដ-១៩ ទាំងពីរនាក់ តែក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង កំពុងបន្តតាមដានសុខភាពដោយយកចិត្តទុកដាក់បំផុត។
ក្រុមការងារបានពិនិត្យកំដៅគាត់ និងកូនគាត់ ឃេីញធម្មតា គ្មានសញ្ញាក្អក ឈឺ ក ឬហត់ ដែលគួរឲ្យចាប់ អារម្មណ៍នោះឡេីយ។ ក្រុមការងារនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ក៏បានអប់រំ និងណែនាំពន្យល់ស្ត្រីរូបនេះ ក្នុងការអនុវត្តធ្វើចត្តាឡីស័កឲ្យគ្រប់ចំនួន ១៤ថ្ងៃ ដោយរាប់សារឡេីងវិញ និងដោយមានការសន្យាថាមិនរត់ទៀតទេ។
លោកស្រីរៀបរាប់ថា ស្ត្រីជនជាតិវៀតណាមរូបនេះ ជាអ្នករស់នៅនៅភូមិប្រាសាទ(ភូមិថ្មី) ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានចាកចេញពីកម្ពុជា មុនពេលចូលឆ្នាំខ្មែរ ទៅរស់នៅទល់ដែន កម្ពុជា-វៀតណាម ឌិញបា(តាមគាត់ប្រាប់) ហេីយដោយសារ មិនអាចរកសុីបាននៅទីនោះ គាត់ក៏បានត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ ។
នៅវេលាម៉ោងប្រហែល ជា ៥ព្រឹកពេលចូលដល់ កម្ពុជា ត្រូវបានក្រុមការងារនៅមាត់ច្រកព្រំដែនអន្តរជាតិបន្ទាយចក្រី ធ្វេីការត្រួតពិនិត្យសុខភាព តែមិនមានរោគសញ្ញា ឫបញ្ហាសុខភាពណាមួយដែលគួរឲ្យកត់សម្គាល់នោះឡេីយ ។ ដោយអនុវត្តវិធានការ សុខាភិបាល ក្រុមគ្រូពេទ្យ បានដឹកស្ត្រី និងកូននេះ តាមរថយន្តពេទ្យ មកធ្វើចត្តាឡីស័កនៅក្នុងមន្ទីរពេទ្យបង្អែកព្រះស្តេចនៃខេត្តព្រៃវែង ។
នៅម៉ោង ប្រហែលជា ០០:៣០នាទី នៃថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ក្រុមគ្រូពេទ្យបានទៅពិនិត្យមេីលស្ថានភាពរបស់គាត់ ឃេីញមានសភាពធម្មតា ហេីយនៅម៉ោង ៥:៣០នាទីព្រឹក ក្រុមគ្រូពេទ្យបានទៅពិនិត្យម្តងទៀត តែមិនឃេីញស្ត្រី រូបនេះ និងកូនគាត់នៅក្នុងបន្ទប់ឡេីយ។ ដូច្នេះ ស្រ្តីជនជាតិវៀតណាមរូបនេះ បានសម្រេចចិត្តនាំកូនចាកចេញពីមន្ទីរពេទ្យនេះ តាំងពីមុនម៉ោង ៥:៣០ព្រឹកនៃថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ ដោយមិនប្រាប់ក្រុមគ្រូពេទ្យយាមប្រចាំការនៅក្នុងមន្ទីរពេទ្យនេះឡេីយ ។
បេីតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ទទួលបាននៅវេលាម៉ោង១៨ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០នេះ បានបង្ហាញថា ស្ត្រី និងកូនប្រុសខាងលេី បានចាកចេញពីមន្ទីរពេទ្យព្រះស្តេចនៃខេត្តព្រៃវែង នៅវេលាម៉ោងប្រហែលជាជិត ម៉ោង៥ព្រឹកនៃថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ រួចបានឡើងឡានក្រុង មករាជធានីភ្នំពេញ និងប្រហែលជាម៉ោងជាង ៨ព្រឹក បានបន្តដំណើរដោយរថយន្ត ឈ្នួល មកខេត្តកំពង់ឆ្នាំង មកដល់ក្បាលថ្នល់សែបប្រហែលជាង ម៉ោង១០ព្រឹកនៃថ្ងៃដដែល និងបាន បន្តទៅភូមិប្រាសាទដែលជាទីកន្លែងដែលគាត់រស់នៅដោយម៉ូតូឌុប៕