ភ្នំពេញ៖ មនុស្សស្រី ៤នាក់បានរងរបួសយ៉ាងដំណំ ខណៈកំពុងហូបស៊ុប ស្រាប់តែផ្ទុះកំប៉ុងហ្គាស កាលពីវេលាម៉ោង ៩៖២០នាទី យប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចហាងលក់ស៊ុបយីហោ១០៦ ស្ថិតភូមិកំពង់ចំលង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។
បើតាមនគរបាលបានឲ្យដឹងថា ជនរងគ្រោះចំនួន ៤នាក់ ទី១.ឈ្មោះ ចាន់ សុខឡេង ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ ទី២.ឈ្មោះ អន កញ្ញា ភេទស្រី អាយុ៨ឆ្នាំ ជនជាតិខ្មែរ ទី៣.ឈ្មោះ អឿន នាត ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ និង៤.ឈ្មោះ ចេង គន្ធា ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ។ ជនរងគ្រោះទាំង៤នាក់ មានទីលំនៅភូមិអណ្តូង ឃុំមេសប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។
ចំណែកម្ចាស់ហាងលក់ស៊ុបយីហោ១០៦ ឈ្មោះ ឡាត់ ម៉ៅ ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ស៊ុប មានទីលំនៅភូមិឃុំកើតហេតុ។
ប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុ វេលាម៉ោង ៧យប់ ក្រុមជនរងគ្រោះមានគ្នាប្រមាណ ១១នាក់ ដែលរស់នៅភូមិជាមួយគ្នា បានមកហូបស៊ុប យីហោ១០៦ រហូតដល់ម៉ោង ៩៖២០នាទីយប់ ខណៈកំពុងអង្គុយហូបស៊ុប ស្រាប់តែផ្ទុះកំប៉ុងហ្គាស បណ្តាលឲ្យជនរងគ្រោះ ៤នាក់ខាងលើ រងរបួសស្នាមខ្លួន ជើង ដៃ មុខ បន្ទាប់មកក្រុមគ្រួសារជនរងគ្រោះ បានបញ្ជូនជនរងគ្រោះទាំង ៤នាក់ ទៅមន្ទីរពេទ្យបង្អែកស្រុកពារាំង ខេត្តព្រៃវែង ដើម្បីព្យាលបាលរបួស ៕