ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ក្នុងកាលៈទេសៈ ដែលប្រទេសកម្ពុជាកំពុងតែ ប្រឈមនឹងការប្រយុទ្ធប្រឆាំង ជំងឺឆ្លងរាតត្បាតកូវីដ-១៩ ការអភិវឌ្ឍប្រទេសក៏កំពុងតែ ដំណើរការទៅមុខជាធម្មតា ក្នុងនោះវិស័យសំណង់ កំពុងតែមានការរីកចម្រើន គួរអោយកត់សំគាល់។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី១៨ សីហានេះថា «ក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ វីស័យសំណង់នៅក្នុងប្រទេសកម្ពុជា បានបន្តរីកចម្រើន ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀត គឺសុទ្ធសឹងតែបានបង្ហាញពី តួលេខអភិវឌ្ឍន៍កើនឡើងជាមួយ នឹងសំណង់អគារលំនៅដ្ឋានខុនដូ, អាផាតមិន, សំណង់អគារពាណិជ្ជកម្មខ្ពស់ៗ និងសំណង់លំនៅដ្ឋានលក្ខណៈបុរីជាដើម។ ការសាងសង់អគារខ្ពស់ៗ ជាសូចនាករនៃភាព រីកចម្រើនផ្នែកសេដ្ឋកិច្ច ហើយនៅពេលខាងមុខកម្ពុជាយើង នឹងមានអាគារខ្ពស់ៗ បន្ថែមទៀតទាំងទីក្រុងភ្នំពេញ និងតាមបណ្ដាខេត្ត។
ទោះបីការកសាងផ្នែកសំណង់នេះ កំពុងតែបោះជំហានទៅមុខហើយតម្រូវការ បុគ្គលិក ឬក៏កម្មករជាច្រើនយ៉ាងណាក៏ដោយ សូមម្ចាស់ក្រុមហ៊ុន ឬម្ចាស់ការដ្ឋាន សូមយកចិត្តទុកដាក់ថែរក្សា សុខភាពបុគ្គលិកកម្មករឲ្យយល់ អំពីរបៀបនៃការថែរក្សាសុខភាពជាពិសេស ការថែរក្សាកុំឲ្យមានឆ្លងជំងឺកូវីដ-១៩ ត្រូវមានការលាងសម្អាតដៃ មានម៉ាសពាក់ឲ្យបានត្រឹមត្រូវ ក្នុងករណីចាំបាច់ និងដើម្បីចៀសវាងការឆ្លងពីម្នាក់ទៅម្នាក់ ពីព្រោះការដ្ឋានសំណង់ មានបុគ្គលិកកម្មករធ្វើការច្រើន ។ សូមយកចិត្តទុកដាក់ថែរក្សា បុគ្គលិកកម្មករកុំឲ្យឆ្លងជំងឺ កូវីដ-១៩ ៕