ភ្នំពេញ៖ ដោយមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានសហការជាមួយ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការឃាត់ខ្លួនជនជាតិចិនម្នាក់ ឈ្មោះ HUANG CHENYANG ភេទប្រុស ឆ្នាំកំណើត១៩៩៨ កាន់លិខិតឆ្លងដែនលេខ EF9911835 តាមសំណើរបស់ស្ថានទូតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ពីបទ មនុស្សឃាតនៅប្រទេសចិន។
យោងតាមស្នងការ នគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជននេះត្រូវបានឃាត់ខ្លួន នៅសណ្ឋាគារអូរឫស្សីទី១ ដែលមានទីតាំងនៅអាគារលេខ១៤ ផ្លូវ១១១ កែង១៩៨ ភូមិ៤ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សម្ភារៈដកហូតរួមមាន៖
១-ទូរស័ព្ទដៃ ចំនួន ៣គ្រឿង
២-Iped ចំនួន ១គ្រឿង
៣-វ៉ាលី ចំនួន ២វ៉ាលី
៤-ចិញ្ចៀន (ពណ៌លឿង) ចំនួន១៧វង់
៥-កាបូបខ្មៅ ចំនួន ១កាបួប (គ្មានអីវ៉ាន់)
៦-អត្តសញ្ញាណប័ណ្ណចិន ចំនួន ២សន្លឹក
៧-កាតធនាគារចិន ចំនួន ១០សន្លឹក
៨-កាតទូរស័ព្ទ ចំនួន ២សន្លឹក
ជនជាតិចិនខាងលើ និងសម្ភារៈដកហូត ត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី (ន.៧) នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីច្បាប់បន្ត ៕