ភ្នំពេញ៖ ជនជាតិចិនមួយក្រុម ដែលចាប់នារីជនជាតិចិនម្នាក់ ខ្ទប់មាត់បោះចូលក្នុងរថយន្ត រួចជិះគេចខ្លួនបាត់នោះ ពេលនេះត្រូវបាន កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ ធ្វើការបង្រ្កាបនិងឃាត់ខ្លួនបានហើយ។
យោងតាមរបាយការណ៍ របស់សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី១៣ ខែ សីហាមានប្រជាពលរដ្ឋ ដែលជាអ្នករត់ម៉ូតូកង់បី (PASS APP) បានទូរស័ព្ទប្តឹងរាយការណ៍ថា មាននារីជនជាតិចិនម្នាក់ ភេទស្រី បានបើករថយន្តរបស់គាត់ម៉ាក RANGE ROVER ពណ៌ស មកចតនៅកៀនហាងលក់ សំលៀកបំពាក់របស់គាត់ ដែលមានស្លាកយីហោ COCO ស្ថិតនៅភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ ភ្លាមនោះស្រាប់តែមានជនជាតិចិន មួយក្រុមមានគ្នា៤នាក់ បានបើករថយន្ត ១គ្រឿង ម៉ាកហាយលែនឌឺ ពណ៌ទឹកប្រាក់ មកឈប់ក្បែររថយន្ត របស់នារីជនជាតិចិន ដែលជាថៅកែហាង COCO ហើយក៍មានជនជាតិចិន៣នាក់ បានចុះពីរថយន្តម៉ាកហាយលែនឌឺ មកចាប់នារីជនជាតិចិននោះ ខ្ទប់មាត់បោះចូលក្នុងរថយន្តរបស់ពួកវា រួចជិះគេចខ្លួនបាត់ ។
បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងជំនាញផែនការងារ នគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំង អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍សង្កាត់២ ចុះទៅដល់កន្លែងកើតហេតុ និងត្រួតពិនិត្យមើល កាំមេរ៉ាសុវត្តិភាពឃើញថា ពិតជាមានករណីចាប់ខ្លួន នារីជនជាតិចិនដែល ជាថៅកែហាងលក់សំលៀកបំពាក់ COCO ចូលទៅក្នុងរថយន្ត ១គ្រឿង ម៉ាកហាយលែនឌឺ ពិតប្រាកដមែន ទើបកម្លាំងសមត្ថកិច្ចជំនាញ របស់ប្រើប្រាស់វិធានការជំនាញ និងស្ទាក់គ្រប់គោលដៅសំខាន់ៗ ដោយសហការជាមួយកម្លាំង អធិការដ្ឋាននគរបាលក្រុង-ស្រុកទាំងអស់ ។
រហូតដល់ថ្ងៃទី១៤ ខែសីហា កម្លាំងជំនាញរកបានតំរុយ ដែលរថយន្តជនសង្ស័យ ជិះគេចខ្លួនទៅស្រុកស្ទឹងហាវ ទើបធ្វើការរុករករហូត រំដោះបានជនរងគ្រោះដែល ត្រូវជនសង្ស័យចាប់យកទៅ បង្ខាំងទុកនៅក្នុងព្រៃស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ រីឯជនសង្ស័យបានរត់ គេចខ្លួនអស់ ។
បន្ទាប់ពីរំដោះជនរងគ្រោះរួចហើយ កម្លាំងជំនាញធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី១៥ សីហា កម្លាំងសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួន បានជនសង្ស័យម្នាក់ នៅចំណុចសណ្ឋាគារ និងកាស៊ីណូ រ៉ូយ៉ាល់លីហ័រ ស្ថិតនៅក្រុម១៣ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ព្រមទាំងដកហូតបានរថយន្តម៉ាក ហាយលែនឌឺ ពណ៌ទឹកប្រាក់ មានផ្លាកលេខ ភ្នំពេញ 2K-7388 ដែលក្រុមជនសង្ស័យជិះធ្វើ សកម្មភាពចាប់ជំរិតជនរងគ្រោះ បន្ទាប់ពីធ្វើការពីសាកសួរជនសង្ស័យរួចមក កម្លាំងសមត្ថកិច្ចយើងបានបន្ត ចាប់ឃាត់ខ្លួនបានជនសង្ស័យ ២នាក់ បន្ថែមទៀត នៅថ្ងៃទី១៥ សីហា នៅចំណុចកែងផ្លូវ LV ស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
ជនរងគ្រោះឈ្មោះ WU JIAJIA ភេទស្រី អាយុ៤២ឆ្នាំ ជនជាតិចិន មុខរបរលក់សំលៀកបំពាក់ ស្នាក់នៅភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ មានស្នាមរងបួសដាច់រលាត់ស្បែក បន្តិចបន្តួច (រងរបួសស្រាល) ។
ជនសង្ស័យទាំង ៣នាក់មាន ៖
១-ឈ្មោះ WANG XIAO ZHANG ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកហាងលក់អំពូលភ្លើងសូឡា កាន់លិខិតឆ្លងដែនលេខៈ EH7330702 (មិនបានយកតាមខ្លួន) ស្នាក់នៅសណ្ឋាគារ កាស៊ីណូ រ៉ូយ៉ាល់លីហ័រ ស្ថិតនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ RAN FU CHUAN ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងហាងបាយ HUAN LE គ្មានលិខិតឆ្លងដែនលេខជាប់ខ្លួន ស្នាក់នៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះ សីហនុ ។
៣-ឈ្មោះ JIANG HONG ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកទិញឥវ៉ាន់ហាងបាយ HUAN LE គ្មានលិខិតឆ្លងដែនលេខជាប់ខ្លួន ស្នាក់នៅភូមិ៣ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
វត្ថុតាងចាប់យកបាន៖
-រថយន្ត១គ្រឿង ម៉ាកហាយលែនឌឺ ពណ៌ទឹកប្រាក់ ផ្លាកលេខៈ ភ្នំពេញ 2K-7388 (មធ្យោបាយធ្វើសកម្មភាពចាប់ជំរិត) និងក្នុងរថយន្តមានសម្ភារមួយចំនួន ។
-រថយន្ត១គ្រឿង ម៉ាក TUNDRA ពណ៌ស ផ្លាកលេខ ភ្នំពេញ 2AY-0176 ។
-ដំបងដែករលាស់១ដើម
-ខ្សែដៃអង្កាំ
-ចិញ្ចៀន១វង់
-ស៊ីមទូរសព្ទដៃ១
-នាឡិកាដៃ២ និងបំពង់ប្រើប្រាស់គ្រឿងញៀន១
-ទូរស័ព្ទដៃ ៧គ្រឿង
ករណីនេះកម្លាំងជំនាញការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕