ប្រាសាទបន្ទាយឆ្មារ ជាសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យ របស់មនុស្សជាតិ (Video)

0

ភ្នំពេញ៖ ប្រាសាទបន្ទាយឆ្មារ ដែលមានទីតាំងស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាសំណង់ស្ថាបត្យកម្មដ៏សំខាន់មួយ ស្ថិតក្នុងរចនាបថបាយ័ន បានកសាងឡើងនៅចុងសតវត្សរ៍ទី១២ និងដើមសតវត្សទី១៣ ក្នុងរាជរបស់ព្រះបាទជ័យវរ្ម័នទី៧ (គ្រិស្តសករាជ ១១៨១ គ្រិស្តសករាជ ១២១៨) ដើម្បីឧទ្ទិសដល់បុត្ររបស់ព្រះអង្គ ដែលបានសោយទិវង្គត់ នៅពេលធ្វើសង្រ្គាមជាមួយកងទ័ពចាម ។

យោងតាមការចុះផ្សាយ របស់ទូរទស្សន៍ជាតិបានឲ្យដឹងថា បច្ចុប្បន្នប្រាសាទបន្ទាយឆ្មារ កំពុងប្រឈមនិងហានិភ័យខ្លាំង ហើយរចនាសម្ព័ន្ធរបស់ប្រាសាទ មួយចំនួនធំ បានដូលរលំ នឹងធ្លាក់ បាក់បែក។ ដើម្បីលើកតម្លៃនិងទប់ស្កាត់ ហានិភ័យរបស់ប្រាសាទ នាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ បានធ្វើការសង្គ្រោះទីតាំង ហានិភ័យមួយចំនួនដែលមាន លោកស្រីម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានផ្ដល់ថវិកាសម្រាប់ធ្វើការ ជួសជុលរោងទងខាងលិច ផ្នែកខាងត្បូងត្រង់ចំណុច រូបព្រះលោកេស្វរៈដៃ ២២ ឱ្យមានរូបរាងឡើងវិញ។

បន្ទាប់ពីការងារអភិរក្សរោងទងខាងលិច ផ្នែកខាងត្បូងបានបញ្ចប់ ជាស្ថាពរកាលពីខែកក្កដា ឆ្នាំ២០១៨ លោកស្រី ម៉ៅ ម៉ាល័យកែ គឹមយ៉ាន ក៏បានឧបត្ថម្ភថវិកាបន្ថែម សម្រាប់ធ្វើការអភិរក្ស និងជួសជុលរានហាល ខាងកើតប្រាសាទបន្ទាយឆ្មារ ក្នុងគោលបំណងលើក តម្លៃនៃវប្បធម៌ប្រវត្តិសាស្រ្ត ស្ថាបត្យកម្មប្រាសាទ និងសម្រាប់ប្រារព្ធពិធីផ្សេងៗ ព្រមទាំងដើម្បីទាក់ទាញភ្ញៀវទេសចរ ឲ្យទៅទស្សនាប្រាសាទ កាន់តែច្រើននាពេលអនាគត ដែលជាផ្នែកមួយជួយ កាត់បន្ថយភាពក្រីក្ររបស់ ប្រជាជននៅក្នុងតំបន់ជុំវិញ ប្រាសាទ។

សូមបញ្ជាក់ថា ការងារអភិរក្ស និងជួសជុលត្រូវបាន អនុវត្តឡើងចាប់ពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨៕