ភ្នំពេញ៖ បន្ទាប់ពីកម្លាំងការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះបង្ក្រាបទីតាំងលួច ផលិតស្ករត្នោតក្លែងក្លាយមួយកន្លែង ដកហូតស្ករក្លែងក្លាយជាង ៣០០គីឡូក្រាមរួចមក លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញមុខអះអាងថា នឹងទៅរកមុខលោកព្រះរាជអាជ្ញា និងសមត្ថកិច្ចខេត្តកណ្ដា បើហ៊ានដោះលែងថៅកែ ផលិតស្ករត្នោតក្លែងក្លាយនេះម្ដងទៀត ។
សូមរំលឹកថា ថៅកែទីតាំងផលិតស្ករត្នោតក្លែងក្លាយនេះ ត្រូវបានសមត្ថកិច្ចចុះបង្ក្រាប អប់រំណែនាំ និងធ្វើកិច្ចសន្យា ចំនួន ៨លើករួចមកហើយ ប៉ុន្តែមិនស្ដាប់ ។
លោកស្រី ហ៊ុន ស៊ីណាត បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៧ សីហានេះថា «សូមបងប្អូនកូនក្មួយមិត្តរួមFacebook ទាំង ជួយឃ្លាំមើលការឃាត់ខ្លួន ថៅកែឈ្មោះ ជួន មុំ ផលិតស្ករត្នោតក្លែងក្លាយ បង្ករផលប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋនោះឃាត់បានប៉ុន្មានថ្ងៃ បើហ៊ានលែងយាយ ជួន មុំ ទៀត ខ្ញុំទៅរកមុខលោកព្រះរាជអាជ្ញា និងសមត្ថកិច្ចហើយ ពីព្រោះការផលិតស្ករត្នោតក្លែងក្លាយ ចាប់ថៅកែនេះ ៨ ដងតែមិនដែលកាត់ទោសទេ ចាំមើលសានេះតុលាការ គិតយ៉ាងម៉េចលែងឲ្យទៅផលិតទៀតដែរទេ ? សូមមិត្តរួមហ្វេសប៊ុកជួយ ឃ្លាំមើលតុលាការទាំងអស់គ្នា» ។

ទាក់ទិនបញ្ហានេះដែរយោងតាម ហ្វេសប៊ុកលោក ផែង វណ្ណៈ បានឲ្យដឹងថា បន្ទាប់ពីមានប្រតិកម្មពីមហាជន តាមបណ្ដាញសង្គមហ្វេសប៊ុក ជាពិសេសពីសំណាក់លោកស្រី ហ៊ុន ស៊ីណាត ពាក់ព័ន្ធករណីថៅកែផលិតស្ករត្នោតក្លែងក្លាយ ដែលឃាត់ខ្លួន ៨លើកហើយមិនដែលមានទោសនោះ នៅថ្ងៃនេះអយ្យការអមសាលាដំបូង ខេត្តកណ្តាល បានឲ្យសមត្ថកិច្ចនាំខ្លូន ថៅកែស្រីរូបនេះមកកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់ ។

ប្រវត្តិរឿង៖ បង្ក្រាបទីតាំងផលិត ស្ករត្នោតក្លែងក្លាយមួយកន្លែង ដកហូតស្ករក្លែងក្លាយជាង ៣០០គីឡូក្រាម
ភ្នំពេញ៖ កម្លាំងការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះបង្ក្រាបទីតាំងលួច ផលិតស្ករត្នោតក្លែងក្លាយមួយកន្លែង នៅភូមិរំលិច ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ដកហូតស្ករក្លែងក្លាយជាង ៣០០គីឡូក្រាម ។
ប្រតិបត្តិការនេះដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងទទួលផែន ប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការឯកភាព ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល និងមានការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ។
បើតាមនគរបាលបានឲ្យដឹងថា ម្ចាស់ទីតាំង មានឈ្មោះ ជុន មុំ ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរផលិតកែច្នៃស្ករត្នោតក្លែងក្លាយ ធ្លាប់ត្រូវបានសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំឲ្យបញ្ឈប់ ផលិតស្ករត្នោតក្លែងក្លាយចំនួន ៥លើករួចមកហើយ ។
ក្នុងប្រតិបត្តិការកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចដកហូតបានវត្ថុតាង មួយចំនួនរួមមាន ស្ករត្នោត ក្លែងក្លាយផលិតរួចចំនួន១២ធុង ស្មើ៣៤៨គីឡូក្រាម , ស្ករស ចំនួន ៣បាវ ស្មើ១៥០គីឡូក្រាម , ប្រេងឆា ១ប៊ីដុងកន្លះ ស្មើនឹង៧,៥លីត្រ , ម៉ូទ័រកូស្ករ ចំនួន ១ឆ្នាំងខ្ទះ ចំនួន៣ ៕






