ភ្នំពេញ៖ ក្រោយពីទទួលបាន ពេលវេលាជាក់លាក់ នៃការវិលត្រឡប់ និងការផ្លាស់ប្តូរកងទ័ពមួកខៀវកម្ពុជា ដែលរៀបចំ ដោយអង្គការសហប្រជាជាតិ (UN) សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចមិនស្នើសុំ UN ឲ្យពន្យារពេលផ្លាស់ប្ដូរទ័ពមួកខៀវកម្ពុជា ។
សូមរំលឹកថា ក្នុងពិធីបើកសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» របស់ឧកញ៉ា លី យ៉ុងផាត់ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា កាលពីថ្ងៃទី១៦ សីហាម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចនឹងស្នើសុំទៅកាន់ អង្គការសហប្រជាជាតិ (UN) ឲ្យពន្យារពេលផ្លាស់ប្ដូរកងទ័ពមួកខៀវ ដែលកំពុងបំពេញបេសកកម្ម ស្វែងរកសន្តិភាពនៅក្រៅប្រទេស ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ។
ពាក់ព័ន្ធបញ្ហានេះ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៧ សីហានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បញ្ជាក់យ៉ាងដូច្នេះថា «ក្រោយពីទទួលបាន នូវពេលវេលាជាក់លាក់ នៃការវិលត្រឡប់ និងការផ្លាស់ប្តូរកងទ័ពមួកខៀវកម្ពុជា ដែលរៀបចំ ដោយអង្គការសហប្រជាជាតិ។ នៅព្រឹកនេះខ្ញុំបានសម្រេចឡើងវិញ គឺមិនសុំពន្យាពេលការវិលត្រឡប់ របស់កងទ័ពមួកខៀវកម្ពុជា និងការបញ្ជូនកងទ័ពមួកខៀវ ទៅជំនួសនោះទេ» ។
សម្ដេចបន្តថា ការរៀបចំពេលវេលា របស់អង្គការសហប្រជាជាតិ បានផ្តល់ឱយយើងរៀបចំ ការធ្វើចត្តាឡីស័កបានងាយស្រួល ដើម្បីទប់ស្កាត់ការនាំចូលកូវីដ១៩ មកក្នុងប្រទេសនោះគឺ៖ ១.មកពីប្រទេសម៉ាលី នៅខែកញ្ញា ឆ្នាំ២០២០, ២.ស៊ូដង់ខាងត្បូង នៅខែតុលា ឆ្នាំ២០២០, ៣.អាហ្រ្វិកកណ្តាល នៅខែវិច្ឆកា ឆ្នាំ២០២០, ៤.លីបង់ នៅខែមករា ឆ្នាំ២០២១ ។
សម្ដេចតេជោ ក៏បានប្រាប់ឲ្យនាយទាហ៊ាន នាយទាហ៊ានរង និងពលទាហ៊ាន ដែលកំពុងស្ថិតនៅប្រទេសទាំង៤ ខាងលើរៀបចំខ្លួន ដើម្បីវិលត្រឡប់មកកម្ពុជាវិញ ជាពិសេសនាយទាហ៊ាននាយ ទាហ៊ានរង និងពលទាហ៊ានដែលនឹងត្រូវ ទៅជំនួសរៀបចំខ្លួនចេញដំណើរតាម ការចាត់ចែងរបស់ក្រសួងការពារជាតិ និងអង្គការសហប្រជាជាតិ។
សម្ដេចគូសបញ្ជាក់ថា បើទោះបីកម្ពុជាជាប្រទេសក្រីក្រ និងកំពុងប្រឈមជាមួយកូវីដ១៩ បន្ថែមដោយប្រទេសដែល កងទ័ពមួកខៀវកម្ពុជា ត្រូវទៅក៏កំពុងមានការ វាយលុកដោយកូវីដ១៩ ក៍ដោយក៏រាជរដ្ឋាភិបាលកម្ពុជា និងកងទ័ពរបស់ខ្លួន មិនបោះបង់ចោលភារកិច្ច ក្នុងការចូលរួមថែរក្សាសន្តិភាព នៅតាមប្រទេសនានា ក្រោមឆត្ររបស់ អង្គការសហប្រជាជាតិ នោះឡើយ។ ត្រូវចូលរួមដោយស្មគ្រ័ចិត្ត និងការទទួលខុសត្រូវ ក្នុងឋាន:ជាសមាជិក អង្គការសហប្រជាជាតិ៕