ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានប្រកាសឲ្យដឹងថា សៀមរាបអង្គរចាប់ផ្ដើមដំណើរការ បើកទទួលភ្ញៀវទេសចរ ជាផ្លូវការហើយ ជាមួយភ្ញៀវទេសចរជាតិ បានទៅទស្សនាយ៉ាងច្រើនកុះករ នៅអង្គរវត្ត នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០។
ក្រសួងទេសចរណ៍ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ខ្លួន បានថ្លែងអំណរគុណ ដល់ភ្ញៀវទេសចរទាំងអស់ ដែលបានអនុវត្តន៍ និងចូលរួមដើម្បី ការពារសុវត្ថិភាពទេសចរណ៍ តាមការណែនាំរបស់ក្រសួងសុខាភិបាល វិធានសុវត្ថិភាពទេសចរណ៍ និងជាមួយអាជ្ញាធរខេត្តសៀមរាប ក្នុងថ្ងៃឈប់សម្រាករយៈពេលនេះ។ សូមជូនពរភ្ញៀវទេសចរជាតិ ទេសចរបរទេសទាំងអស់ មានសុខសុវត្ថិភាពក្នុងពេលធ្វើដំណើរ និងទស្សនាសម្រាកកម្សាន្ត ប្រកបដោយភាពដប្បាយរីករាយ។
ចំណែកលោក ទៀ សីហា អភិបាលខេត្តសៀមរាប បានបង្ហាញអារម្មណ៍ថា ពិតជាសប្បាយចិត្តដែលបានឃើញ បងប្អូនប្រជាពលរដ្ឋ តាមបណ្តារាជធានី-ខេត្ត មកលេងនៅខេត្តសៀមរាប ។
ជាមួយគ្នានោះលោក ទៀ សីហា ក៏បានបែងចែកជាតំបន់ពិព័រណ៌ ផ្សារទឹក និងផាប់ស្ទ្រីត ទាមទារអោយបងប្អូនប្រជាពលរដ្ឋ ពាក់ម៉ាស់ទាំងអស់គ្នា ខណៈផ្លូវមួយចំនួនក្នុងក្រុងសៀមរាប ត្រូវបានបិទដើម្បីសម្រួល ដល់ភ្ញៀវទេសចរក្នុងការសម្រាកលំហែ និងកម្សាន្តផងដែរ។
សូមកុំភ្លេច ៣ចំណុច៖ 1.កុំភ្លេច ត្រៀមយក និងពាក់ម៉ាស់ ឬក្រម៉ា ។ 2.កុំភ្លេច ជែល ឬអាល់កុលលាងដៃ (យើងបានត្រៀម សាប៊ូលាងដៃជូននៅតាម ទីសាធារណផងដែរ)។ 3.កុំភ្លេច រក្សាគម្លាតសុវត្ថិភាពសង្គម (ចូលរួមការពារការរាតត្បាត នៃជំងឺកូវីដ-១៩)។
ក្នុងឱកាសឈប់សម្រាកធំ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ខេត្តសៀមរាប បានខ្លួនរួចរាល់ហើយ ក្នុងការទទួលភ្ញៀវទេសចរ ដោយក្នុងនោះរដ្ឋបាលខេត្តបានរៀបចំ កម្មវិធីមួយចំនួនរួមមាន៖
១.កម្មវិធីសាសនា បួងសួងសុំសេចក្តីសុខ
២.កម្មវិធីពិព័រណ៍ បន្លែផ្លែឈើ កសិផល ផលិតផល ក្រុង-ស្រុកទាំង១២
៣.កម្មវិធីប្រកួតម្ហូបអាហារ ពានរង្វាន់មាន់អាំង ឆ្ងាញ់ជាងគេនៅខេត្តសៀមរាប
៤.ផ្សារទឹក
៥.ផាប់ស្ទ្រីត
៦.កម្មវិធីជិះកង់
៧.កម្មវិធីកីឡាវាយកូនហ្គោល
៨.កម្មវិធីដើរព្រៃ ចង្ក្រានរយ ភ្នំគូលែន
៩.ផ្ទាំងទស្សនីយភាពសិល្បៈ៕