ភ្នំពេញ៖ លោក ឡុង កុសល អ្នកនាំពាក្យ អាជ្ញាធរជាតិអប្សរាបានណែនាំ ទៅកាន់បងប្អូន ប្រជាពលរដ្ឋសុំកុំឱ្យប្រជាពលរដ្ឋ ជឿទៅលើជនខិលខូច ដែលបានដើរបោកថាគេអាចជួយរត់ការ ឱ្យសាងសង់សំណង់ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ បានដោយទាលុយពីបងប្អូនជាថ្នូរ។
ជាមួយគ្នានេះ លោកក៏បានលោកពន្យល់ថា អ្វីដែលល្អបំផុតសម្រាប់ការ សុំសាងសង់ ជួសជុល កែលំម្អ ឬរុះរើផ្ទះចាស់នៅក្នុង តំបន់រមណីយដ្ឋាន អង្គរនេះ គឺបងប្អូនត្រូវទៅដាក់ពាក្យស្នើសុំ ដោយផ្ទាល់នៅអាជ្ញាធរជាតិ អប្សរាឬនៅតាមការិយាល័យ ចក្រចេញតែមួយ របស់សាលាក្រុង–ស្រុក។
លោកបានលើកឡើង បន្ថែមថាកន្លងមក ឱ្យតែមានថ្ងៃឈប់សម្រាកនៃពិធីបុណ្យជាតិធំៗ ដូចជាបុណ្យចូលឆ្នាំឬបុណ្យភ្ជុំបិណ្ឌជាដើមគឺតែងតែមាន ប្រជាពលរដ្ឋ មួយចំនួនតូច លួចសាងសង់សំណង់ ខុសច្បាប់នៅក្នុងតំបន់រមណីយដ្ឋានអង្គរនេះ បន្ទាប់មកក៏ត្រូវអាជ្ញាធរ អប្សរារុះរើចោលវិញ ដែលធ្វើឱ្យបងប្អូន ខាតបង់ថវិកា។
បញ្ហា នេះលោកបានអំពាវនាវ ឱ្យប្រជាពលរដ្ឋកុំលួចសាងសង់សំណង់ខុសច្បាប់ នៅក្នុងតំបន់រមណីយដ្ឋានអង្គរ នៅក្នុងអំឡុងពេល នៃការឈប់សម្រាក សងថ្ងៃបុណ្យចូលឆ្នាំនេះ ព្រោះច្បាស់ណាស់ថា នៅពេលដែលមន្រ្តីចូលធ្វើការវិញអាជ្ញាធរអប្សរានឹងទៅរុះរើចោលវិញជាមិនខាន ដែលនិងធ្វើបងប្អូនខាតបង់ថវិកា។
លោកបានបន្ថែមថា នៅក្នុងមួយខែៗ អាជ្ញាធរអប្សរា បានអនុញ្ញាតឱ្យប្រជាពលរដ្ឋ រស់នៅក្នុងតំបន់រមណីយដ្ឋាន អង្គរនេះ ធ្វើការជួសជុល កែលម្អ ឬរុះរើផ្ទះចាស់ បានប្រមាណជា១០០ករណីដែរ៕