ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការសម្រេចអនុញ្ញាត ឈប់សម្រាក ៥ថ្ងៃ ដែលជាថ្ងៃសងជំនួសថ្ងៃបុណ្យចូលឆ្នាំ គឺដោយសារតែរាជរដ្ឋាភិបាល បានគ្រប់គ្រងជំងឺកូវីដ១៩ ។
សូមរំលឹកថា កាលពីថ្ងៃទី១៣ ខែកក្កដា ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានសម្រេចឯកភាព ជាផ្លូវការឲ្យកម្មករ-និយោជិក និងមន្រ្តីរាជការ បានឈប់សម្រាករយៈពេល ៥ថ្ងៃ (ចាប់ពី១៧- ២១ ខែសីហា ២០២០) ជំនួសឱ្យថ្ងៃឈប់សម្រាក បុណ្យចូលឆ្នាំខ្មែរ២០២០ ដែលត្រូវបាពន្យារពេល កាលខែមេសាកន្លងមកនេះ ។
ក្នុងពិធីបើកសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» របស់ឧកញ៉ា លី យ៉ុងផាត់ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៦ សីហានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា បានជារាជរដ្ឋាភិបាល សម្រេចអនុញ្ញាតឲ្យ មន្ត្រីរាជការ កម្មករនិយោជិត ឈប់សម្រាក គឺដោយសារតែយើង បានគ្រប់គ្រងជំងឺកូវីដ១៩ ហើយក៏មិនមានការឆ្លងទៅ តាមសហគមន៍ទេ ។
ទាក់ទងនឹងវិធានការទប់ស្កាត់ ការរីករាលដាលជម្ងឺកូវីដ១៩ សម្តេចេជោ ហ៊ុន សែន បានរំលឹកដាស់តឿន ដល់ប្រជាពលរដ្ឋឲ្យមាន ការប្រុងប្រយ័ត្នក្នុងពេលដែល ទទួលបានការឈប់សម្រាក សងជំនួសការឈប់សម្រាកចូលឆ្នាំខ្មែរ ដែលមានចំនួន ៥ថ្ងៃ ជាពិសេសសម្តេច ក៏បានអំពាវនាវអោយអាជ្ញាធរ កងកម្លាំងសមត្ថកិច្ចត្រូវ ចូលរួមការពារសេចក្តីសុខសុវត្តិភាព ប្រជាពលរដ្ឋក្នុងថ្ងៃឈប់សម្រាកនេះ ហើយក្នុងនោះក្រសួងសុខាពិបាល, ក្រសួងទេសចរណ៍ និងផ្នែកពាក់ព័ន្ធដ៏ទៃទៀត ត្រូវតាមដានស្ថានភាព និងទប់ស្កាត់ការឆ្លងជម្ងឺកូវីដ១៩ នេះឲ្យបានហ្មត់ចត់បំផុត។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ រក្សាសុវត្ថិភាពផ្ទាល់ខ្លួនឯង ក្នុងនោះរមណីដ្ឋាន, ភោជនីយដ្ឋាន ត្រូវតែធានាឲ្យបាននូវអនាម័យល្អ ដើម្បីកុំឆ្លងជម្ងឺកូវីដ១៩ នេះឲ្យសោះ ជាពិសេសធានាឲ្យបានថា ក្រោយថ្ងៃឈប់សម្រាក មិនមានអ្នកឆ្លងកូវីដ១៩ ក្នុងសហគមន៍។ ជាមួយគ្នានោះសម្តេច ក៏បានអំពាវនាឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ កុំអោយកើតមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលឈប់សម្រាកប៉ុន្មានថ្ងៃនេះ គឺត្រូវបើកបរដោយមានការ ប្រុងប្រយ័ត្ននឹងគ្មានជាតិស្រវឹង ។
សម្តេចបន្ថែមថា ក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ១៩ ប្រជាពលរដ្ឋ ត្រូវផ្លាស់ប្ដូររបៀបរបបរស់នៅ តាមបែបគន្លងថ្មី គឺត្រូវពាក់ម៉ាស ពេលមកជួបជុំគ្នាម្ដងៗ ហើយប្តូរឥរិយាបថពីការចាប់ដៃ មកជាការលើកដៃសំពះគ្នា ។ សម្តេចថា ទំនៀមទម្លាប់រាប់ពាន់ឆ្នាំ ត្រូវបានផ្លាស់ប្តូរដោយកូវីដ១៩ ។
សម្ដេចគូសបញ្ជាក់ថា ជំងឺកូវីដ១៩ ខ្លាំងជាងសង្គ្រាមលោកលើកទី១ ឬទី២ទៀត ព្រោះប្រទេសជាច្រើន នៅលើកពិភពលោក បានរងផលប៉ះពាល់ ដោយសារជំងឺនេះ ហើយបាននិងកំពុងរួមគ្នា ប្រយុទ្ធប្រឆាំងជំងឺនេះ ទោះបីជាប្រទេសមួយចំនួន លើកសកលលោក មិនប៉ះពា ល់ក៏ដោយ ៕