នាយឧត្តមសេនីយ៍ សៅ សុខា បញ្ជាឲ្យស៊ើបអង្កេត ករណីផ្ទុះអាវុធ នៅខេត្តកោះកុង (Video)

0

ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានបញ្ជាឱ្យ លោកឧត្តមសេនីយ៍ត្រី ថុង ណារ៉ុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវករណីទំនាស់ រហូតឈានដល់ការផ្ទុះអាវុធខ្លី ដោយនាយទាហាននៃ កងរាជអាវុធហត្ថខេត្តកោះកុង ឈ្មោះ មាស ដារ៉ាសាផុន អត្តលេខ១៩៦៤៣៤ ឋានន្តរសក្តិ វរសេនីយ៍ត្រី មុខងារ អនុប្រធានមន្ទីរសម្ភារបច្ចេកទេស។

សូមរំលឹកថា កាលពីម៉ោងប្រមាណ ៤ល្ងាច ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ នៅចំណុចភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង (ផ្លូវជាតិ៤៨ ក្បែរលោកយាយម៉ៅ) មានករណីទំនាស់រហូតដល់ ផ្ទុះអាវុធខ្លីចំនួន ១គ្រាប់។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសរសេរលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី១៤ សីហានេះថា «ខ្ញុំបាទឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មាន ជ្រាបថា នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឱ្យ លោកឧត្តមសេនីយ៍ត្រី ថុង ណារ៉ុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង ធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវករណីផ្ទុះអាវុធខ្លី ដោយនាយទាហាននៃ កងរាជអាវុធហត្ថខេត្តកោះកុង ឈ្មោះ មាស ដារ៉ាសាផុន អត្តលេខ១៩៦៤៣៤ ឋានន្តរសក្តិ វរសេនីយ៍ត្រី មុខងារ អនុប្រធានមន្ទីរសម្ភារបច្ចេកទេស»។

អ្នកនាំពាក្យកងរាជអាវុធហត្ថលើ ផ្ទៃប្រទេសបញ្ជាក់បន្ថែមថា «ខ្ញុំបាទសូមជម្រាបជូនថា បច្ចុប្បន្ន ឈ្មោះ មាស ដារ៉ាសាផុន កំពុងត្រូវបានស្តាប់ចម្លើយ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តកោះកុង។ ក្រោមការដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានអុនវត្តច្បាប់ និងទណ្ឌកម្មវិន័យយ៉ាងម៉ឺងម៉ាត់ ចំពោះនាយអាវុធហត្ថណា ដែលប្រព្រឹត្តល្មើសច្បាប់ និងល្មើសវិន័យ» ៕