ភ្នំពេញ៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២០ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករ (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ ចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ) បានចំនួន ៧ ៦០៥,៤៦ប៊ីលានរៀល (ប្រមាណជា ១.៨៧៧,៨៩លានដុល្លារ) ។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ប្រមូលចំណូលពន្ធប្រចាំខែកក្កដា និងសម្រាប់រយៈពេល ៧ខែ ឆ្នាំ២០២០ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត កាលពីថ្ងៃ១៣ សីហា លោក គង់ វិបុល បានបង្ហាញថា ក្នុងខែកក្កដា ឆ្នាំ២០២០ ចំណូលពន្ធ-អាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ ចំណូល អនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៧៨៦,២៤ប៊ីលានរៀល (ប្រមាណជា ១៩៤,១៣លានដុល្លារអាមេរិក) ស្មើនឹង ៦,៨១% នៃផែនការប្រចាំឆ្នាំ បើធៀបនឹងចំណូលពន្ធ-អាករ ប្រចាំខែកក្កដា ឆ្នាំ២០១៩ ឃើញថាថយចុះចំនួន ៧៥,៧១ប៊ីលានរៀល (ប្រមាណជា ១៦,២២លានដុល្លារអាមេរិក) ស្មើនឹង ៧,៧១% ។
លោក គង់ វិបុល បញ្ជាក់ថា «សរុបរយៈពេល ៧ខែ ឆ្នាំ២០២០ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យ ចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៧ ៦០៥,៤៦ ប៊ីលានរៀល (ប្រមាណជា ១ ៨៧៧,៨៩លានដុល្លារអាមេរិក) ស្មើនឹង ៦៥,៨៩% នៃផែនការប្រចាំឆ្នាំ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ឃើញថាកើនឡើងចំនួន ៦៧០,១១ ប៊ីលានរៀល (ប្រមាណជា ១៦៥,៤៦ លានដុល្លារអាមេរិក) ស្មើនឹង ៩,៦០%។ គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល ៧ខែ ឆ្នាំ២០២០ ចំណូលពីប្រភេទពន្ធ ២ នៅរក្សាកំណើនក្នុងនោះ អាករលើតម្លៃបន្ថែមកើនឡើង ៣,១៧% និងពន្ធលើប្រាក់ចំណូលកើនឡើង ២២,៧១% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០១៩» ។
សម្រាប់ឆ្នាំ២០២០នេះ ដើម្បីធានានូវប្រសិទ្ធភាពក្នុងការ អនុវត្តការប្រមូលចំណូលពន្ធ បានគ្រប់តាមផែនការច្បាប់ ចំនួនប្រមាណ ១១ ៥៤៣,៣១ ប៊ីលានរៀល (ប្រមាណ ២ ៨៨៥,៨៣លានដុល្លារអាមេរិក) អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀត នូវគោលនយោបាយកែទម្រង់ ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ព្រមទាំងដាក់ចេញនូវ វិធានការចំនួន ៩ចំណុចដូចខាងក្រោម៖
១.បន្តពង្រឹងការអនុវត្តឱ្យមានប្រសិទ្ធភាព នូវការចុះបញ្ជីអាជីវកម្ម តាមប្រព័ន្ធបច្ចេកវិបទ្យាព័ត៌មាន (IT Platform) ស្របតាមខ្លឹមសារ អនុក្រឹត្យលេខ ៨៤ អនក្រ.បក ចុះថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ និងពង្រឹងការងារចុះបញ្ជីពន្ធដារ និងធ្វើបច្ចុប្បន្នភាពព័ត៌មានសហគ្រាស ដើម្បីធានាការផ្ដល់សេវាឱ្យ បានល្អប្រសើរនិងការគ្រប់ គ្រង ចំណូលពន្ធមានប្រសិទ្ធភាពខ្ពស់ ។
២.បន្តពង្រឹងការអនុវត្តឱ្យមានប្រសិទ្ធិភាព នូវការសម្រេចរបស់រាជរដ្ឋាភិបាលជុំទី៥ ស្ដីអំពីវិធានការបន្ថែម សម្រួលផ្នែកពន្ធដារ ជួយវិស័យអាកាសចរណ៍ និងទេសចរណ៍ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងបដិការណ៍នៃការវិបត្តិ និងការស្តារនិងជំរុញកំណើន សេដ្ឋកិច្ចកម្ពុជាក្រោយកូវីដ-១៩ ។
៣.បន្តពង្រឹងការងារចាត់ចែងលិខិតប្រកាស និងអនុវត្តការគ្រប់គ្រងដាក់លិខិត ប្រកាសតាមប្រព័ន្ធអនឡាញ (E-Filing) ព្រមទាំងទម្រង់លិខិតប្រកាសពន្ធ ប្រចាំខែថ្មីសម្រាប់អ្នកជាប់ពន្ធ ។
៤.ពង្រឹងប្រសិទ្ធិភាពការធ្វើការសវនកម្ម ដោយពន្លឿនរយៈពេលនៃការធ្វើសវនកម្ម និងបន្តបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការប្រមូលទិន្នន័យពីគ្រប់ប្រភព និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងគោលដៅពង្រឹងអនុលោមភាព សារពើពន្ធ និងការប្រកួតប្រជែងដោយស្មើភាព (Level Playing Field) ។
៥.បន្តពង្រឹងប្រសិទ្ធភាពនៃ ត្រួតពិនិត្យការតាមដានឯកសារ និងផ្តល់លទ្ធភាពជូនអ្នក ជាប់ពន្ធឬសាធារណជនមានភាពងាយស្រួល ក្នុងការតាមដានពីវឌ្ឍនភាពនៃ ឯកសាររបស់ខ្លួន ដែលបានដាក់មកកាន់ អគ្គនាយកដ្ឋានពន្ធដារដោយប្រើប្រាស់ នូវកម្មវិធីត្រួតពិនិត្យ និងតាមដានឯកសារ (Document Checking and Tracking App) ។
៦.ពង្រឹងការអនុវត្តការប្រមូលបំណុលពន្ធ និងវិធានការតឹងទារបំណុលពន្ធ ជាពិសេសបំណុលពន្ធធំៗ ដែលមានសក្តានុពល ដោយកំណត់ជាបំណុលអាទិភាព
៧.បន្តនិងខិតខំពង្រឹងការ ផ្តល់សេវាជូនអ្នកជាប់ពន្ធ ដែលជាកត្តាសំខាន់ធ្វើឱ្យ ប្រសើរឡើងនូវវប្បធម៌ពន្ធដារ ក្នុងនោះមានការ រៀបចំកម្មវិធី “ពន្ធដារកម្ពុជា” ដោយផ្សព្វផ្សាយនិងជួបជជែក ជាមួយអ្នកជាប់ពន្ធផ្ទាល់ (GDT Facebook Live), សេវាឆ្លើយតប តាមប្រពន្ធទូរស័ព្ទ Call Center 1277, កម្មវិធី GDT Live Chat ជាដើម ។
៨.បន្តផ្សព្វផ្សាយ និងអនុវត្តការប្រមូលពន្ធ លើអចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងពន្ធលើមធ្យោបាដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០២០ ។
៩.បន្តអនុវត្តវិធានការចាំបាច់នានា ដូចមានកំណត់ក្នុងសារាចរណែនាំស្តីពីការអនុវត្ត ច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំ២០២០ និងយុទ្ធសាស្រ្តកៀគរចំណូល ឆ្នាំ២០១៩-២០២៣ ៕