កម្ពុជា កំពុងបន្តជំរុញកំណើន នាំចេញកសិផលកែច្នៃ ឱ្យកាន់តែសម្បូរបែប ដោយមិនពឹងផ្អែក លើផ្នែកសំលៀកបំពាក់ និងស្បែកជើងនោះទេ (Video)

0

ភ្នំពេញ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា កម្ពុជាកំពុងធ្វើពិពិធកម្មមុខទំនិញ និងពិពិធកម្មទីផ្សារ ក្នុងវិស័យពាណិជ្ជកម្ម ដែលជាយុទ្ធសាស្រ្តសេដ្ឋកិច្ច ដោយមិនពឹងផ្អែកលើផ្នែក សំលៀកបំពាក់ និងស្បែកជើងនោះទេ ។

តាមរយៈគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី១៤ ខែសីហានេះ លោក ផៃ ស៊ីផាន បានពន្យល់ថា គោលនយោបាយគឺ ការបង្កើននិងពិពិធកម្មមុខទំនិញនាំចេញ ដោយបង្កើនការនាំចេញទំនិញ កម្មន្តសាលដែលមិនមែនជាវាយនភណ្ឌ ឱ្យបាន ១៥% នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០២៥ ទន្ទឹមនឹងការជំរុញការនាំចេញទំនិញ កែច្នៃកសិកម្មឱ្យបាន ១២% នៃបរិមាណនាំចេញសរុប នៅឆ្នាំ២០២៥។ ជាក់ស្តែង ចំណែកនៃការនាំចេញសម្លៀកបំពាក់ និងស្បែកជើងមានការថយចុះជាលំដាប់ពី ៧១,៦% នៃបរិមាណនាំចេញសរុប នៅឆ្នាំ២០១៥ មកត្រឹម ៦៩,២% នៅឆ្នាំ២០១៨។ ដោយឡែក ការនាំចេញសរុប នៅឆ្នាំ២០១៥ដល់១៣,៣% នៅឆ្នាំ២០១៨ គឺសម្រេចបានប្រមាណ៨៨,៦% បើធៀបនឹងគោលដៅឆ្នាំ២០២៥។ ទន្ទឹមនឹងនេះការនាំចេញកសិកផលកែច្នៃ ក៏មានការកើនឡើងពី ៥,៩% នៃបរិមាណនាំចេញសរុបនៅឆ្នាំ២០១៥ ដល់ ៧,០% នៅឆ្នាំ២០១៨ សម្រេចបានប្រមាណ ៥៨,៣% បើធៀបនឹងគោលដៅឆ្នាំ២០២៥។

ទិន្នន័យទាំងនេះ ឆ្លុះបញ្ចាំងឱ្យឃើញថា កម្ពុជាបានកំពុងធ្វើពិពិធកម្មមុខទំនិញ នាំចេញរបស់ខ្លួនជាបន្តបន្ទាប់ និងបន្តជំរុញកំណើននៃ ការនាំចេញកសិផលកែច្នៃ ឱ្យកាន់តែសម្បូរបែប ដោយមិនពឹងផ្អែកតែលើការនាំ ទំនិញកម្មន្តសាលផ្នែកសំលៀកបំពាក់ និងស្បែកជើងនោះទេ ៕