រដ្ឋមន្ត្រីមហាផ្ទៃ បារម្ភចំពោះការ រីករាលដាលគ្រឿងញៀន ចង់ច្រើនជាងកូវីដ១៩

0

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា សម្ដេចមានការព្រួយបារម្ភ ចំពោះបញ្ហាបទល្មើសគ្រឿងញៀន ចង់ច្រើនជាងការរីករាលដាល នៃជំងឺកូវីដ១៩ ។

ក្នុងពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការទីតាំង និងសមិទ្ធផលនានា របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០នេះ សម្ដេច ស ខេង បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំង ពីបញ្ហាគ្រឿងញៀនចូលទៅ ដល់ក្នុងសហគមន៍ ស្របពេលដែលជំងឺកូវីដ១៩ មិនទាន់ឆ្លងដល់សហគមន៍ឡើយ ។

សម្ដេចក្រឡាហោមបន្ដថា ទោះបីជំងឺកូវីដ១៩ នៅកម្ពុជាមិនទាន់ឆ្លងទៅដល់សហគមន៍ ប៉ុន្តែប្រជាពលរដ្ឋត្រូវមាន ការប្រុងប្រយ័ត្ន ចំពោះជំងឺនេះគ្រប់ពេលវេលា ដោយមិនត្រូវធ្វេសប្រហែសឡើយ។

សម្ដេច ស ខេង មានប្រសាសន៍បន្ថែមថា «បទល្មើសគ្រឿងញៀន ខ្ញុំមានការបារម្ភច្រើន ចង់ច្រើនជាងកូវីដ១៩ទៀត ដោយសារកូវីដ-១៩មិនទាន់ដល់ជនបទទេ ប៉ុន្ដែគ្រឿងញៀនបានចាប់ផ្ដើមបញ្ជ្រាបដល់ជនបទហើយ» ។

សម្ដេចក្រឡាហោម ក៏បានអំពាវនាវដល់អាជ្ញាធរ ត្រូវបន្ដទប់ស្កាត់គ្រឿងញៀន នៅតាមសហគមន៍ ហើយពេលណាគ្រឿងញៀន រាលដាលក្នុងសហគមន៍ កាន់តែខ្លាំងនាំឲ្យពិបាកធ្វើទប់ស្កាត់។

សូមរំលឹកថា ក្នុងឆមាសទី១ ឆ្នាំ២០២០ សមត្ថកិច្ចបានឃាត់ខ្លួន ជនល្មើសគ្រឿងញៀន បានជាង៨ពាន់នាក់ ។ ចំណែកនៅឆ្នាំ២០១៩ សមត្ថកិច្ចបង្រ្កាបគ្រឿងញៀន ទូទាំងប្រទេសកម្ពុជា បានចំនួនជាង ៩ពាន់ករណី ឃាត់ខ្លួនជនសង្ស័យបានជាង ២ម៉ឺននាក់និង រឹបអូសគ្រឿងញៀនបានជាង ៧៥០គីឡូក្រោម ៕