រដ្ឋមន្ដ្រីមហាផ្ទៃ ណែនាំឲ្យអាជ្ញាធរ មើលពីកំហុសខ្លួនឯងផង កុំមើលឃើញតែកំហុសអ្នកដទៃ (Video)

0

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំទៅកាន់ អាជ្ញាធររាជរដ្ឋាភិបាល ឲ្យមើលឃើញពីកំហុសខ្លួនឯងផង កុំមើលឃើញតែកំហុសអ្នកដទៃ ត្រូវចង់ចាំពាក្យខ្មែរពោលថា បើអ្នកឯងចង្អុលគេ គឺចង្អុលតែម្រាមដៃមួយទេ តែម្រាមដៃ៣ទៀត វាចង្អុលមកយើងវិញ។

ក្នុងពិធីសម្ពោធសមិទ្ធផលនានា របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ណែនាំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើល្អនិងដោះស្រាយបញ្ហាជូន ប្រជាពលរដ្ឋដោយមិនត្រូវរើសអើង ប្រជាពលរដ្ឋដែលមាននិន្នាការ នយោបាយខុសគ្នានោះទេ។

សម្ដេចក្រឡាហោម ស ខេង ឲ្យដឹងបន្តថា «ចុះបើយើងអាងអំណាចយើង ទៅយកដីប្រជាជនទៅរំលោភសិទ្ធិ ឬក៏ ផលប្រយោជន៍ផ្សេងទៀត របស់ប្រជាជន អាហ្នឹងគេម៉េចសុខចិត្តគេ តវ៉ាវាត្រឹមត្រូវរបស់គេហើយ» ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលើកឡើងបន្ថែមថា ជាក់ស្ដែងដូចជាបញ្ហាដីធ្លី នៅស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើ នៅតំបន់អន្លង់ថ្ម ក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំដីធ្លីនៅទីនោះ គឺប្រជាពលរដ្ឋបាននាំគ្នារស់នៅ នឹងបង្កបង្កើនផលជាយូរឆ្នាំមកហើយ ស្រាប់តែខាងក្រសួងកសិកម្ម បានទៅឆ្វៀលដីសម្រាប់ស្ដារ ព្រៃឈើឡើងវិញនោះ ក៏ប៉ះពាល់ដីប្រជាពលរដ្ឋតែម្ដង។ ភ្លាមៗនោះសម្ដេចក៏បានហាម មិនឱ្យអាជ្ញាធរ ប្រើប្រាស់ កម្លាំងហួសហេតុ ដែលធ្វើឱ្យ ពលរដ្ឋរងគ្រោះជាយថាហេតុ ណាមួយឡើយ។

រដ្ឋមន្ដ្រីមហាផ្ទៃបញ្ជាក់ថា «មិនដឹងយ៉ាងម៉េចក្រសួងកសិកម្ម គាត់ទៅឆ្វៀលយកដីហ្នឹង ធ្វើជាស្ថានីយ វាប៉ះដីប្រជាជនកំពុងប្រើយកផលនោះ ដូចថា គាត់ដាំដំឡូង ដាំដំណាំផ្សេងទៀតយកផលប្រចាំ រដូវរបស់គាត់ក្រសួងទៅឆ្វៀល យកដីគាត់ ទៅដាំដើមឈើ ។ នយោបាយបែបហ្នឹងវាត្រូវហើយ ។ ប៉ុន្តែយកដីប្រជាជនកំពុងអាស្រ័យផលយ៉ាងម៉េច ? ឥឡូវខ្ញុំកំពុងឲ្យពិនិត្យរឿងជាក់ស្ដែង ប៉ុន្តែយកកម្លាំងទៅចុះ ប៉ុន្តែមិនត្រូវប្រើអំពើហិង្សាដាច់ខាត»។

កាលពីពេលថ្មីៗនេះ អាជ្ញាធរខេត្តកំពង់ធំ បានធ្វើការដោះស្រាយ ជម្លោះរវាងពលរដ្ឋ និងមន្រី្តរដ្ឋបាលព្រៃឈើតាមច្បាប់។ ជម្លោះរវាងភាគីទាំងពីរ ផ្ទុះឡើងនៅគ្រាដែលអាជ្ញាធរយកកូនឈើ ទៅដាំនៅតំបន់ស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើឡើងវិញ កាលពីថ្ងៃទី១៦ កក្កដា។
ក្នុងថ្ងៃកើតហេតុនោះក៏ មានពលរដ្ឋ ២នាក់ ត្រូវបានអាជ្ញាធរឃាត់ខ្លួន យកទៅណែនាំនិងធ្វើកិច្ចសន្យា ឲ្យបញ្ឈប់ការដកកូនឈើបន្តទៀត ហើយក៏ធ្វើការដោះលែងវិញ ៕