ភ្នំពេញ៖ ក្រោយបែកធ្លាយ ខ្ចាយនូវព័ត៌មានធំ ថាតារាចម្រៀងដុសស្នឹម ហង្សមាស លោក ព្រាប សុវត្ថិ បានចាកចេញពីទ្រនំធំហង្សមាស ទៅចូលរួមអាជីព ជាមួយផលិតកម្ម Galaxy របស់ លោកឧកញ៉ាវ័យក្មេង ផ្តើមចេញ ពីជីវិតពលករនៅកូរ៉េ ក្នុងសាច់ប្រាក់កុងត្រា ៣០ម៉ឺនដុល្លារអាមេរិក រយៈពេល៥ឆ្នាំ និងទទួលបានផលលាភ តាមកម្មវិធីតាមខេត្ត ៣៥០០ដុល្លារអាមេរិកផងដែរ ។
ព័ត៌មានដ៏កក្រើកនេះ បានធ្វើឲ្យអ្នកលេង បណ្តាញសង្គម និងអ្នកគាំទ្រជាច្រើន ចាប់ផ្តើមឆ្ងល់ថា តើរឿងនេះពិតឬយ៉ាងណា ?
ពាក់ព័ន្ធនឹងដំណឹង រសើបនេះដែរ OBN Asia បានឆាតទៅកាន់លោក យឹម តាស្រង់ អ្នកគ្រប់គ្រងនិងអ្នកនិពន្ធបទចម្រៀង និងមេឡូឌី នៅក្នុងទ្រនំ Galaxy ដែលជាទ្រនំមានមហិច្ឆិតាធំ ពង្រីកទីផ្សារទៅកាន់តំបន់អាស៊ី បានឆ្លើយយ៉ាងខ្លី បង្កប់នូវអត្ថន័យថា «មិនពិតក៏ដូចពិត ពិតក៏ដូចមិនពិត» ។
ចម្លើយយ៉ាងខ្លី នេះហាក់ស្តែង ឲ្យឃើញចម្លើយថា រឿងនេះពិតជាពិតហើយ ដែលភាគីទាំងពីរបានចរចាគ្នា ដើម្បីធ្វើរឿងធំ សម្រាប់ទីផ្សារឧស្សាហកម្ម កម្សាន្តនាពេលខាងមុខ ស្របពេលដែលដើមទុនក្នុងទ្រនំ ក៏ស្ថិតក្នុងស្ថានភាព មហាសាល ដើម្បីធ្វើបទចម្រៀង ។ម្យ៉ាងវិញទៀត ផលិតកម្មដ៏ល្បីនេះ ក៏កំពុងដំឡើងសាច់ដុំផងដែរ ទៅកាន់ដៃគូប្រជែងផលិតកម្មក្នុងស្រុក និងត្រៀម វាយលុកទៅកាន់បរទេសដូចគ្នា ៕


