រកឃើញ ខ្មោចនាវាចម្បាំង១គ្រឿង សល់ពីសម័យសង្រ្គាម រួមជាមួយ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ យ៉ាងសន្ធឹក ក្នុងទន្លេមេគង្គ លើទឹកដីខេត្តកំពង់ចាម (Video)

0

ភ្នំពេញ៖ ខ្មោចនាវាចម្បាំង១គ្រឿង រួមជាមួយគ្រាប់យុទ្ធភ័ណមិនទាន់ផ្ទុះ ចំនួន៣ប្រភេទ ត្រូវបានគេរកឃើញ នៅក្នុងទឹកទន្លេមេគង្គ ស្ថិតក្នុងភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលគេសង្ស័យថាជា សំណល់ ពី សម័យសង្គ្រាម ។ នេះបើយោងតាម គេហទំព័រហ្វេសប៊ុក របស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

បន្ទាប់ពីទទួលបាន សេចក្ដីរាយការណ៍ពីអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយ អភិបាលរងខេត្ត និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យទីតាំងខ្មោចនាវា លិចទឹកខាងលើដើម្បីរៀបចំ ឲ្យមានកម្លាំងសមត្ថកិច្ចប្រចាំការ នៅតំបន់នោះ រហូតគ្រាប់យុទ្ធភ័ណ្ឌទាំងអស់ ត្រូវបានយកចេញដោយសុវត្ថិភាព ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ កុំឲ្យចូលទៅធ្វើការនេសាទ ក្នុងតំបន់ហាមឃាត់នោះ ជាដាច់ខាត ព្រោះវាអាចបង្កឲ្យ មានគ្រោះថ្នាក់ ដល់អាយុជីវិតបានគ្រប់ពេល ដូច្នេះត្រូវរង់ចាំ រហូតមន្ត្រី ជំនាញ មកធ្វើការបោសសម្អាត គ្រាប់យុទ្ធភ័ណ្ឌទាំងនោះ រួចរាល់ហើយទេីបយេីងចូលទៅបាន។

គួរបញ្ជាក់ផងដែរថា កាលពីពេលកន្លងទៅ ថ្មីៗនេះ មានក្រុមហ៊ុនសហគ្រាស សុភារ័ត្ន អភិវឌ្ឍន៍ បានបូមយកខ្សាច់នៅតំបន់នោះ ហើយដឹកយកទៅដល់រាជធានីភ្នំពេញ ទេីបប្រទះឃើញគ្រាប់ចំនួន៣ប្រភេទ គឺមាន ១-គ្រាប់AK57 ចំនួន៣គីឡូក្រាម ២-គ្រាប់៦០មីលីម៉ែត្រចំនួន១៦គ្រាប់ និងគ្រាប់៨០មីលីម៉ែត្រ ចំនួន១គ្រាប់ ។ហើយ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ដែលមានមន្ត្រីស៊ីម៉ាក់ និងក្រុមជំនាញមុជទឹក ដែលមានទីស្នាក់ការ នៅខេត្តកំពង់ឆ្នាំង មកមុជទឹកពិនិត្យទីតាំងបូមខ្សាច់នោះ លទ្ធផលមុជទឹកជម្រៅ១៩ម៉ែត្រ ក្រុមជំនាញបានពិនិត្យ ឃើញទ្រង់ទ្រាយជា ម៉ារីន (នាវាចម្បាំង)មួយគ្រឿងផងដែរ ៕