ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបើកប្រតិបត្តិការ ចុះបង្ក្រាប ក្រុមសង្គមងងងឹត ជនជាតិជិត ៣០នាក់ ដែលបានចាប់ជម្រិត ទារប្រាក់ ពីជនជាតិចិនដូចគ្នា នៅក្នុងសណ្ឋាគារ Meilian Garden Hotel ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។ នៅក្នុងប្រតិបត្តិការនេះ កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានរំដោះជនជាតិចិនចំនួន ៣នាក់ ដែលត្រូវបានចាប់បង្ខាំង នៅក្នុងបន្ទប់សណ្ឋាគារ។
លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ដោយមានការណែនាំចង្អុលបង្ហាញ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយមេបញ្ជាការរង០២រូប គឺលោកឧត្តមសេនីយ៍ត្រី ពូ ដាវី និងលោកឧត្តមសេនីយ៍ត្រី ផាន់ តារាវុធ សហការណ៍ជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញដឹកនាំដោយលោកវរសេនីយ៍ឯក ថោង ពិសិដ្ឋ ព្រមទាំងមានការចូលរួមពីលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារង ឆាយ ហុង បានចុះបង្ក្រាប ជនជាតិចិនមួយក្រុម ដោយឃាត់ខ្លួនជនជាតិចិនចំនួន29នាក់ (ស្រី០៣នាក់)។
ចំណែកក្រុមជនសង្ស័យជនជាតិចិនជិត ៣០នាក់ ដែលជាប់ពាក់ព័ន្ធករណី ចាប់ជម្រិតជនជាតិចិនដូចគ្នា ត្រូវបញ្ជូនយក ទៅកាន់ទីបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់។ បច្ចុប្បន្ន សមត្ថកិច្ចអាវុធហត្ថ រាជធានីភ្នំពេញ កំពុងសួរនាំជនសង្ស័យ កសាងសំណុំរឿងតាមនីតិវិធី ៕