លោក ឃួង ស្រេង ព្រមានថាបើមាន ខណ្ឌណាលួចបើកក្លឹបកម្សាន្ត និងខារ៉ាអូខេ ពពាក់ពពូនគ្នា​ អភិបាលខណ្ឌនោះ នឹងទទួលខុសត្រូវមុខច្បាប់ (Video)

0

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានព្រមានថា បើសិនជានៅក្នុងខណ្ឌណាមួយ មាន លួចបើកក្លឹបកម្សាន្តនិងខារ៉ាអូខេ ពពាក់ពពូនគ្នា មិនស្ដាប់តាមការណែនាំ ហើយត្រូវបានកងកម្លាំង មានសមត្ថកិច្ច របស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាបបានជាក់ស្ដែង អភិបាលខណ្ឌនោះនឹងមាន បញ្ហាត្រូវប្រឈមមុខ ជាមួយក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល។

លោក ឃួង ស្រេង បញ្ជាក់ថា អភិបាលខណ្ឌទាំង១៤ ត្រូវមើលរាល់ក្លឹមកំសាន្ត ដែលបានកែប្រែទៅជាភោជនីយដ្ឋានដោយមានតន្រ្តីកំដរតើបានអនុវត្តតាមការណែនាំរបស់ក្រសួងដែរឬទេ ជាពិសេស ការរក្សាគម្លាតសង្គម។ ហើយបើរកឃើញថា នៅក្នុងខណ្ឌណាមួយ មានការបើកឌីស្កូថេក ឬ បើកកន្លែងជួបជុំគ្នាពពាក់ពពូននោះ អភិបាលខណ្ឌត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។

លោកបញ្ជាក់ទៀតថា “យើងអាចភ្លេចកូវីដ១៩ ប៉ុន្តែកូវីដ១៩ មិនភ្លេចយើងគ្រប់គ្នាទេ តែហ៊ានធ្វេសប្រហេស និងមានហានិភ័យ ជាកើតឡើងជាមិនខាន” ជាពិសេសនៅតាមផ្សារនានា ត្រូវតែរៀបចំធ្វើអនាម័យ និងបាញ់អាកុលជាប្រចាំ ដើម្បីការពារកុំឱ្យ មានការរីករាលដាល នៅក្នុងសហគមន៍របស់យើង ដោយផ្តើមការទទួលខុសត្រូវចេញពីយើងគ្រប់គ្នា សហគមន៍យើង និងការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរមូលដ្ឋាន”។

ការព្រមានរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ ក្នុងកិច្ចប្រជុំស្តីពីវិធានការ ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ តាម ក្លឹបកម្សាន្ត និង ខារ៉ាអូខេ ក្នុង រាជធានីភ្នំពេញ នៅ សាលារាជធានីភ្នំពេញ។

ជាមួយគ្នានេះ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានជំរុញឱ្យមន្ទីរសុខាភិបាល ស្ថាប័នពាក់ព័ន្ធ និងថ្នាក់ដឹកនាំទាំង១៤ខណ្ឌត្រូវបង្កើនការយកចិត្តទុកដាក់ឱ្យកាន់តែខ្លាំងក្លាលើការបង្ការទប់ស្កាត់ និងផ្សព្វផ្សាយអប់រំ នូវវិធានទាំងឡាយ របស់ក្រសួងសុខាភិបាល នៅតាមមូលដ្ឋានរបស់ខ្លួន ឱ្យបានផុសផុល ស្របពេលដែល ប្រទេសជិតខាងមួយចំនួន កំពុងមានការកើនឡើង នៃចំនួនអ្នកឆ្លង និងអ្នកស្លាប់នោះដែរ លោក ឃួង ស្រេង បានជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់ ក្នុងរាជធានីភ្នំពេញ បន្តយកចិត្តទុកដាក់បន្ថែមទៀត និងមានចំណាត់ការ ដោយការទទួលខុសត្រូវ ចំពោះការចូលរួមយុទ្ធនាការ ការពារនិងទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ១៩ បើទោះជាមានប្រទេស មហាអំណាចមួយចំនួន បានបង្ហាញពីការរកឃើញវ៉ាក់សាំង ព្យាបាលកូវីដ១៩ ហើយក្តី ប៉ុន្តែសម្រាប់កម្ពុជាយើង គឺមិនអាចធ្វេសប្រហែសបានឡើយ ដូចដែលប្រមុខរាជរដ្ឋាភិបាល តែងតែលើកឡើង ជាញឹកញាប់ត្រូវតែ មានការប្រុងប្រយ័ត្នខ្ពស់ មិនថាស្ថិតក្នុងកាលៈទេសៈណានោះទេ។

លោកអភិបាល បានជំរុញផងដែរ អំពីយន្តការ នៃការតាមដានចំពោះអ្នកមកពីបរទេស តាមរយៈការធ្វើចត្តាឡីស័ក បើទោះពួកគាត់មកតាមមធ្យោបាយណាក៏ដោយ ត្រូវតែដឹងគ្រប់មូលដ្ឋាន ដើម្បីបន្តធ្វើចត្តាឡីស័ក អ្នកទាំងនោះឱ្យបាន ត្រឹមត្រូវនឹងប្រាកដថា ពួកគាត់ពិតជាអវិជ្ជមានកូវីដ១៩។

សូមរំលឹកថា គិតត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកកើតជំងឺកូវីដ១៩ សរុប ២៦៨នាក់ ស្ត្រី ៥៣នាក់ និងបុរស ២១៥នាក់។ ក្នុងនោះអ្នកព្យាបាលជាសះស្បើយសរុប ២២០នាក់ មានស្ត្រី ៤៦នាក់ និងបុរស១៧៤នាក់។ ដោយឡែកអ្នកកំពុងសម្រាកព្យាបាល មានចំនួន ៤៨នាក់៕