ភ្នំពេញ៖ ផ្ទុះហ្គាសលិចទូកនេសាទកណ្ដាលសមុទ្រ ក្នុងប្រទេសថៃ បណ្ដាលឲ្យបុរសជនជាតិខ្មែរម្នាក់ រងរបួស ខ្ទេចមុខខ្ទេចមាត់ សឹងមើលលែងស្គាល់ ស្រែកទ្រហោយំ ទាំងគ្មានសង្ឃឹមមានជីវិតត្រឡប់ ទៅជួបប្រពន្ធកូនតែសំណាងល្អ បុរសនោះមានពីដុងទឹកមួយ ក្នុងដៃក៏ប្រើជាមធ្យោបាយតោងជាច្រើនថ្ងៃ ទើបរសាត់អណ្ដែតដល់ដីគោក និងត្រូវបានប្រជាពលរដ្ឋ ជួយសង្រ្គោះទាន់ពេលវេលា។
យោងតាមការចុះផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថាក្រោយទទួល បានដំណឹងនេះភ្លាមលោក អ៊ូក សោភណ្ឌ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានចាត់ក្រុមការងារ ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បានចុះមកសួរសុខទុក្ខនិងនាំយក គ្រឿងឧបភោគបរិភោគ បរិភោគ និងថវិកា១ចំនួន ទៅប្រគល់ជូនដល់ គេហដ្ឋានពលករខ្មែររងគ្រោះ។
សូមបញ្ជាក់ថា ពលករនេសាទរងគ្រោះ មានឈ្មោះ វ៉ាន់ ឡុុន ភេទប្រុស អាយុ ២៥ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំងបច្ចុប្បន្នស្នាក់នៅប្រទេសថៃ ហើយមានសុខភាពល្អ កំពុងសម្រាកនៅគេហដ្ឋានជាមួយបងប្អូនរបស់គាត់ ។
តាមការសាកសួរផ្ទាល់ពីក្រុមការងារស្ថានទូត ពលករខ្មែររងគ្រោះបានបញ្ជាក់ថា ករណីផ្ទុះហ្គាសគឺកើតឡើងកាលពីថ្ងៃចន្ទ ទី១១ខែសីហា មកម្ល៉េះ នៅលើទូកនេសាទ នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ។
ហើយការផ្ទុះហ្គាសនេះបានធ្វើឲ្យទូកនេសាទលិច តែជាសំណាងល្អ គាត់មានកាដុងទឹក១ សម្រាប់ធ្វើជាមធ្យោបាយឆ្លងមកដីគោកដោយប្រើរយៈពេលអស់៤ថ្ងៃ ទើបមានគេប្រទះឃើញ ទើបគាត់បានរួចផុតពីគ្រោះថ្នាក់។
តាមរយ:ការចុះសួរសុខទុក្ខដោយផ្ទាល់នេះ ក្រុមការងារស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នឹងធ្វើការទំនាក់ទំនងជាមួយនិយោជកដើម្បីរកដំណោះស្រាយទាមទារអត្ថប្រយោជន៍ផ្សេងៗជូនពលករខ្មែរយើង ខណៈដែលកំពុងបំពេញការងារនៅលើទូកនេសាទ។
ទន្ទឹមនេះដែរ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ សូមអំពាវនាវ ដល់ប្រព័ន្ធផ្សព្វផ្សាយ ឬបណ្តាញសង្គមនានា សូមកុំមានការយល់ច្រឡំ ថារូបគាត់ បច្ចុប្បន្នកំពុងជាប់នៅកណ្តាលសមុទ្រ ឲ្យសោះតាមពិតគាត់កំពុងស្នាក់នៅ ព្យាបាលនៅគេហដ្ឋាន ជាមួយបងប្អូនរបស់គាត់ និងទទួលការយកចិត្តទុកដាក់ ពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ៕