ភ្នំពេញ៖ រាជដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកជាបណ្ដោះអាសន្ន នូវជើងហោះហើរពីប្រទេសហ្វីលីពីន មួយរយៈចាប់ពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០តទៅ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ បានឲ្យដឹងបន្ថែមថា ការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការផ្អាកជើងហោះហើរ ជាបណ្ដោះអាសន្នពីប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ីកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ បានរួមចំណែកដល់ការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩។
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រសួងសុខាភិបាល កត់សម្គាល់ឃើញថា អត្រាឆ្លងបានហក់ឡើងយ៉ាងគំហុក នៅប្រទេសហ្វីលីពីន ដែលធ្វើឲ្យអត្រាអ្នកផ្ទុកវីរុសកូវីដ១៩ ខ្ពស់ជាងគេក្នុងបណ្ដាប្រទេស សមាជិកអាស៊ាន។ ដូច្នេះអ្នកដំណើរមកពីប្រទេសហ្វីលីពីន ក៏ជាការព្រួយបារម្ភផងដែរ ម្យ៉ាងទៀតកាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ ជើងហោះហើរពីប្រទេសហ្វីលីពីនមួយ ដែលមានផ្ទុកអ្នកដំណើរសរុប ១១៩នាក់ ត្រូវបានធ្វើតេស្តរកឃើញ អ្នកវិជ្ជមានវីរុសកូវីដ១៩ រហូតដល់១៣នាក់ ដែលបានបញ្ជាក់ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងវិទ្យាស្ថានសុខភាពសាធារណៈ។
ក្រសួងសុខាភិបាលបញ្ជាក់ថា “ហេតុដូចនេះដើម្បីសុវត្ថិភាព និងសុខុមាលភាពបងប្អូនប្រជាជនកម្ពុជា ក៏ដូចជាប្រទេសកម្ពុជាទាំងមូល គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩ សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តវិធានការការពារខ្លួន ជាចាំបាច់ដើម្បីការពារ ការចម្លងវីរុសកូវីដ១៩ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ និងកុំឲ្យមានរលកទី២ នៃការចម្លងវីរុសកូវីដ១៩” ។
សូមរំលឹកថា គិតត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ២៦៦នាក់ (ស្ត្រី ៥២នាក់ និងបុរស ២១៤នាក់។ អ្នកព្យាបាលជាសះស្បើយមានចំនួន ២២០នាក់ មានស្ត្រី ៤៦នាក់ និងបុរស១៧៤នាក់។ ដោយឡែកអ្នកកំពុងសម្រាក ព្យាបាលមានចំនួន ៤៦នាក់ ៕