ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា គណៈ កម្មាធិការជាតិប្រឆាំងទារុណកម្ម គឺជាស្ថាប័នឯករាជ្យ ក្នុងការវាយតម្លៃ និងត្រួតពិនិត្យទៅលើរឿង ទារុណកម្ម ដោយមិនស្ថិតក្រោមការបញ្ជា របស់រាជរដ្ឋាភិបាលឡើយ។
ក្នុងពិធីប្រកាសចូលកាន់មុខតំណែង សមាជិក គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បំពាក់ឋាន្តរសក្តិ និងបំពាក់គ្រឿងឥស្សរិយយស ជូនមន្ត្រីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំង ទារុណកម្ម នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង មានប្រសាស ន៍បន្ថែមថា បើមានអំពើទារុណកម្មណាមួយ គឺគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ត្រូវតែឆ្លុះបញ្ចាំង ការពិតដោយមិនខ្លាចញញឺត និងមិនស្ថិតនៅក្រោម សម្ពាធណាមួយឡើយ។
សម្ដេចក្រឡាហោម បន្ដថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ក៏មិនខុសពីស្ថាប័ន្ធតុលាការដែរ។ ហើយគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ត្រូវកាត់សេចក្ដីដោយភាពត្រឹមត្រូវ យុត្តិធម៌ និងមិនលំអៀង ដើម្បីធ្វើយ៉ាងណាឲ្យសង្គមនៅកម្ពុជា មានភាពយុត្តិធម៌។
ជាងនេះទៅទៀត សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍គូសបញ្ជាក់បន្ថែមថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ពេលចុះត្រួតពិនិត្យអំពើទារុណកម្ម នៅកន្លែងណាមួយ ទោះបីមិនបានជូនដំណឹង ឬជូនដំណឹងហើយក៏ដោយ អាជ្ញាធរពាក់ព័ន្ធត្រូវផ្ដល់ កិច្ចសហការជាប់ជានិច្ច ជាពិសេស មន្ដ្រីគណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម ត្រូវធ្វើយ៉ាងឲ្យមានតម្លាភាព ប្រកបដោយវិជ្ជាជីវៈ ឈរលើភាពត្រឹមត្រូវ និងយុត្តិធម៌ ៕