បុរសម្នាក់នៅត្បូងឃ្មុំ លាប់ជំងឺកូវីដ១៩ ឡើងវិញ និងបានប៉ះពាល់មនុស្សជាង ៤០នាក់ (Video)

0

ភ្នំពេញ៖ លោកស្រីឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ពិតជាមានករណីបុរសម្នាក់ នៅត្បូងឃ្មុំលាប់ជំងឺកូវីដ១៩ ឡើងវិញ។

លោកស្រីឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងបែបនេះបន្ទាប់ពី កាសែតភ្នំពេញប៉ុស្តិ៍ បានចុះផ្សាយថា មានករណីលាប់ជំងឺកូវីដ១៩ ម្នាក់នៅក្នុងខេត្តត្បូងឃ្មុំ។ ហើយអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយបុរសលាប់ឡើងវិញ​ នេះចំនួនជាង ៤០នាក់ ត្រូវបាននាំយកទៅធ្វើចត្តាឡីស័ក្ត។

លោកស្រី ឱ វណ្ណឌីន បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន តាមរយៈបណ្ដាញសង្គមតេឡេក្រាម នៅថ្ងៃនេះថា «ករណីនៅត្បូងឃ្មុំនេះ ជាករណីលាប់ពិតប្រាកដមែន ដូចលោកប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានរាយការណ៍រួចហើយ»។

លោកស្រី ឱ វណ្ណឌីន លើកឡើងបន្ថែមថា ករណីលាប់ជំងឺកូវីដ១៩ ឡើងវិញ មិនមែនកើតមានតែ ក្នុងប្រទេសកម្ពុជានោះទេ នៅតាមបណ្ដាប្រទេសនានា ក៏មានផងដែរ ហើយក្រសួងមិនបានជូនព័ត៌មាន ករណីនេះដោយសារមិនចង់ឲ្យ មានការភាន់ច្រឡំជាមួយ ករណីព្យាបាលជាសះស្បើយ និងករណីឆ្លងថ្មី។

ក្រសួងសុខាភិបាល បានប្រកាសឱ្យដឹងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះថា បានរកឃើញអ្នកកើតជំងឺកូវីដ១៩ ចំនួន ១៥នាក់ថ្មីទៀត។ ក្នុងនោះ ១៣នាក់ ជាជនជាតិចិន ធ្វើដំណើរមកពីប្រទេសហ្វីលីពីន និង២នាក់ជាជនជាតិខ្មែរ ធ្វើដំណើរមកពីអាមេរិក។ ទន្ទឹមនឹងនេះ មានអ្នកជំងឺកូវីដ១៩ ម្នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយ។គិតត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ២៦៦នាក់ (ស្ត្រី ៥២នាក់ និងបុរស ២១៤នាក់។ អ្នកព្យាបាលជាសះស្បើយមានចំនួន ២២០នាក់ មានស្ត្រី ៤៦នាក់ និងបុរស១៧៤នាក់។ ដោយឡែកអ្នកកំពុងសម្រាក ព្យាបាលមានចំនួន ៤៦នាក់៕