រដ្ឋមន្រ្តីមហាផ្ទៃ សង្កេតឃើញថា មន្ដ្រីមួយចំនួនដេកដល់ម៉ោង ១០ព្រឹក មិនទាន់ក្រោក ធ្វើការងារផង (Video)

0

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា មន្រ្តីមួយចំនួនមិនអាចតែងតាំង ឲ្យកាន់មុខតំណែងធំបានទេ ព្រោះពួកគេដេកដល់ម៉ោង ១០ព្រឹក ហើយមិនទាន់ក្រោក ទៅធ្វើការផងហើយមន្រ្តីបែបនេះ មិនអាចឡើងតួនាទីបានទេ ។

ជាមួយគ្នានោះសម្ដេច ស ខេង បានឲ្យដឹងបន្ថែមថា ក្នុងនាមជាថ្នាក់ដឹកនាំ សម្ដេចមិនពឹងផ្អែកលើ អ្នករត់ការនិងមន្រ្តីដែលឧស្សាហ៍ ឲ្យត្រីងៀតអង្ករ ឬចេញចូលផ្ទះសម្ដេចញឹកញាប់ ទើបត្រូវបានតែងតាំងឲ្យកាន់ មុខតំណែងធំនោះឡើយ ពោលគឺការតែងតាំងត្រូវមើល លើសមត្ថភាពនិងការខិតខំ បំពេញការងារឲ្យបានល្អ ។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ កាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ សម្ដេច ស ខេង បានថ្លែងថា មានមន្ដ្រីមួយចំនួនបានពឹងពាក់អ្នករត់ការ ដើម្បីទទួល បានតួនាទី ។ សម្តេចថា ការធ្វើដូច្នេះមិនត្រឹមត្រូវឡើយ កាលណារត់ការប្រៀបដូចជា យើងមិនទុកចិត្តខ្លួនឯង និងមិនទុកចិត្តការ វាយតម្លៃរបស់ថ្នាក់ដឹកនាំ។

ជាងនេះទៅទៀត សម្ដេច ស ខេង បានអះអាងធានាថា បើមន្ដ្រីណាមួយធ្វើការងារលេចធ្លោជាងគេ និងមានសមត្ថិភាព អាចដឹកនាំបាន សម្ដេចនឹងផ្ដល់តួនាទីអ្វីមួយជូនគាត់ ព្រោះបទពិសោធន៍ការងារ មានសារសំខាន់ដើម្បី ការងារនាពេលអនាគត។

សម្ដេចមានប្រសាសន៍ថា «យើងខ្ញុំជាអ្នកដឹកនាំគ្រប់គ្រងនេះ ក៏យើងខ្ញុំមិនពឹងផ្អែកទៅលើអ្នករត់ការ ឬអ្នកណាចូលផ្ទះខ្ញុំញឹកញាប់ដែរ អ្នកណាឧស្សាហ៍ឲ្យអង្ករ ឬត្រីងៀត អាហ្នឹងល្អ។ តែគ្នាខំធ្វើការ ចង់ងាប់ គ្នាអត់បានធ្វើឲ្យយើងថាគ្នាអាក្រក់ អាហ្នឹងទស្សនៈអីចឹងមិនត្រូវត្រឹមទេ។ មន្ដ្រីខ្លះដេកដល់ម៉ោង១០ មិនទាន់ក្រោកពីដេកផង ឲ្យរៀបចំតែងតាំងវាមិនកើតរឿង នេះជារឿងជាតិ»។

ឆ្លៀតឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង បានស្នើរអគ្គនាយកភស្តុភា និងអគ្គនាយកពន្ធនាគារធ្វើការសិក្សារួមគ្នា ក្នុងការពង្រីកបន្ថែមនូវអគារពន្ធនាគារ ខណៈអ្នកទោសគ្រឿងញៀនបានកើនឡើង យ៉ាងគំហុក ដែលអាចធ្វើឲ្យប៉ះពាល់សុខភាព របស់ពួកគេ។

សម្ដេចក្រឡាហោម ស ខេង ក៏បានបង្ហាញនូវការជឿជាក់លើ លោក កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ពាក់ព័ន្ធការងារដោះស្រាយ សំណុំរឿងកកស្ទះនៅតុលាការ ដើម្បីបន្ធូរបន្ថយភាពចង្អៀតណែន នៅក្នុងពន្ធនាគារ នាពេលបច្ចុប្បន្ន។
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានណែនាំឲ្យ អគ្គនាយកដ្ឋានពន្ធនាគារ មណ្ឌលអប់រំកែប្រែ និងពន្ធនាគារ រាជធានី-ខេត្ត បន្ដខិតខំពុះពារជម្នះការលំបាកនានា ជាពិសេសការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ដែលកំពុងតែគំរាមកំហែងដល់សុខភាព សាធារណជាសកល។

ជាពិសេសសម្តេចក្រឡាហោម ស ខេង បានបញ្ជាឱ្យ អគ្គនាយកពន្ធនាគារថ្មីទប់ស្កាត់ និងលុបបំបាត់ការលួចទាក់ទង តាមទូរសព្ទពីក្នុងពន្ធនាគារចេញមកខាងក្រៅ ពីសំណាក់អ្នកជាប់ឃុំផងដែរ ៕