ឥទ្ធិពលព្យុះយ៉ាងមី និងមេខាឡា នឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ រាយប៉ាយពីខ្សោយទៅច្រើន (Video)

0

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ១២-១៨ ខែសីហា ឆ្នាំ ២០២០ ដោយបានព្យាករណ៍ថា ឥទ្ធិពលព្យុះយ៉ាងមី និងមេខាឡា នឹងធ្វើឲ្យកម្ពុជាមានភ្លៀងធ្លាក់ រាយប៉ាយពីខ្សោយទៅច្រើន។

ក្រសួងបានឲ្យដឹងថា តាមរយៈនៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ បង្ហាញឲ្យឃើញថា កម្ពុជា បាននិងកំពុងទទួលរងនូវ ឥទ្ធិពលពីជ្រលងសម្ពាធទាប រួមជាមួយនឹង ខ្យល់មូសុងនិរតីខ្សោយ។ ព្យុះចំនួន២ បាននឹងកំពុងកើតមាន ក្នុងនោះព្យុះទី ៥ ឈ្មោះ យ៉ាងមី (JANGMI) បច្ចុប្បន្នស្ថិតក្បែរឧបទ្វីបកូរ៉េ នឹងបន្តដំណើរទៅភាគខាងជើង។ ឯនៅក្នុងសមុទ្រចិនខាងត្បូង ទន្ទឹមនឹងកោះតៃវ៉ាន់ ព្យុះទី៦ ឈ្មោះ មេខាឡា (MEKKHALA) បាននិងកំពុងធ្វើដំណើរ ទៅកាន់ខេត្តណាន់ជីន ប្រទេសចិន។

ស្ថានភាពបែបនេះធ្វើឲ្យ ៖
១៖ បណ្តាខេត្តនៅតំបន់ វាលទំនាបកណ្តាល ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
– សីតុណ្ហភាពអតិបរមា មានពី ២៩-៣១°C ។
ចាប់ពីថ្ងៃទី ១២-១៣ ខែសីហា បណ្តាខេត្តនានា នឹងអាចមានភ្លៀងពីខ្សោយទៅមធ្យម ។ បន្ទាប់ពីនោះ ភ្លៀងនឹងកើនឡើងទាំងបរិមាណ ទាំងភាពសាយភាយ ក្នុងកម្រិតពីមធ្យម ទៅបង្គួរ ។ បណ្តាខេត្តនៅវាលទំនាប កណ្តាលភាគពាយ័ព្យ និងបណ្តាខេត្តដែលមានព្រំប្រទល់ជាប់ និងវៀតណាមអាចនឹងមានភ្លៀងច្រើន ។

២៖ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C
– សីតុណ្ហភាពអតិបរមា មានពី ២៧-២៩°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីមធ្យមទៅច្រើន។

៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖
– សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
– សីតុណ្ហភាពអតិបរមា មានពី ២៨-៣០°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីខ្សោយទៅបង្គួរ។

ក្រសួងក៏សូមអំពាវនាវឲ្យ បងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនៅបន្តកើតមាន ជាពិសេស នៅតំបន់វាលទំនាបកណ្តាល៕