ការប្រឡងបាក់ឌុបឆ្នាំនេះ នឹងធ្វើឡើងនៅអំឡុងខែធ្នូ ខណៈសិស្សថ្នាក់ទី៩ និង១២ នៃសាលារដ្ឋត្រូវអនុញ្ញាតឲ្យ ចូលរៀនវិញនៅខែកញ្ញា (Video)

0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអនុញ្ញាតឱ្យសិស្សថ្នាក់ទី៩ និងទី១២ នៃគ្រឹះស្ថានសិក្សាសាធារណៈ ចូលរៀនឡើងវិញនៅអំឡុងខែកញ្ញា ឆ្នាំ២០២០ ក្នុងលក្ខណៈទ្រង់ទ្រាយតូច គឺចំនួន ១៥នាក់ក្នុងមួយថ្នាក់ ខណៈដែលការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នឹងត្រូវធ្វើឡើងនៅអំឡុងខែធ្នូ ឆ្នាំ២០២០។

បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០នេះបានបញ្ជាក់ថា «ក្រសួងអប់រំ យុវជន និងកីឡា សូមជម្រាបជូនសាធារណជន មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងបេក្ខជន មេត្តាជ្រាបថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ឱ្យសិស្សថ្នាក់ទី៩ និងទី១២ នៃគ្រឹះស្ថានសិក្សាសាធារណៈ ចូលរៀននៅក្នុងដំណាក់កាលទី២ នៃការបើកដំណើរការគ្រឹះស្ថានសិក្សា នៅអំឡុងខែកញ្ញា ឆ្នាំ២០២០ ក្នុងទ្រង់ទ្រាយតូច ១៥នាក់មួយថ្នាក់ ដោយគោរពតាមវិធានអនាម័យ នៃក្រសួងសុខាភិបាល និងអង្គការសុខភាព ពិភពលោក ដើម្បីត្រៀមចូលរួមការប្រឡង។ ក្នុងន័យនេះក្រសួងនឹងរៀបចំការ ប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិឆ្នាំសិក្សា ២០១៩-២០២០ នៅខែធ្នូ ឆ្នាំ២០២០ ខាងមុខ។ ចំពោះការរៀបចំការសិក្សានៅ តាមគ្រឹះស្ថានសិក្សា សាធារណៈសម្រាប់សិស្ស ថ្នាក់ដទៃទៀត ក្រសួងនឹងរៀបចំ សេចក្ដីណែនាំតាមក្រោយ»។

សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ដែលជាតំណាង គ្រឹះស្ថានសិក្សាឯកជន និងគ្រឹះស្ថានសិក្សាឯកជនដទៃទៀត បានស្ម័គ្រចិត្តពន្យារពេលការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដើម្បីចូលរួមជាមួយការ ប្រឡងថ្នាក់ជាតិនៅខែធ្នូ ឆ្នាំ២០២០ជាមួយនឹងសិស្ស គ្រឹះស្ថានសិក្សាសាធារណៈ ៕