ភ្នំពេញ៖ លោក ហ៊ាង រតនា ប្រធាននាយកដ្ឋាននីតិកម្ម នៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អាតូម ខែ ភី ថលនិងជាមន្ត្រីយោធាពាក់សក្តិ៥ផងនោះ បានបន្លំខ្លួនចូលពន្ធនាគារព្រៃស ដើម្បីគំរាមកំហែងអតីតអគ្គនាយករងគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អាតូម ខែ ភី ថលដែលបច្ចុប្បន្នជាប់ឃុំនៅពន្ធនាគារ បានបង្កជាសំណុំរឿងព្រហ្មទណ្ឌ ដែលតុលាការកំពុងចាត់ការតាមនីតិវិធី ។នេះបើយោងតាមគេហទំព័រហ្វេសប៊ុកPheng Vannak News។
តាមប្រភពព័ត៌មានច្បាស់ការណ៍ ដែលទើបទទួលបាន នៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ នេះ បានអោយដឹងថា ការបន្លំខ្លួននេះបានធ្វើឲ្យលោក អ៊ុក គិរីរតនៈ អតីតអគ្គនាយករងគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អាតូម ខែ ភី ថល តាមរយៈមេធាវីបានដាក់ពាក្យបណ្តឹងមកអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ដែលមានកម្មវត្ថុ ប្តឹង ឈ្មោះ ហ៊ាង រតនា ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរប្រធាន នាយកដ្ឋាន នីតិកម្ម នៃ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អាតូម ខែ ភី ថល មាន ទីលំនៅ ផ្ទះលេខ ៥២ E0 ផ្លូវលំ ភូមិ ត្រពាំង ថ្លឹង សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍ សែន ជ័យ រាជធានី ភ្នំពេញ ពី បទ ប៉ុនប៉ង កំហែង យក កាលពី ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២០ វេលា ម៉ោង ២ ៖ ១៥ នាទីរសៀល នៅ មណ្ឌល អប់រំ កែប្រែ ទី ១ រាជធានី ភ្នំពេញ ។
ក្នុងពាក្យបណ្តឹងនេះ លោក អ៊ុក គីរី រតនៈ បានបញ្ជាក់ពីដំណើររឿងថាកាលពី ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២០ វេលា ម៉ោង ប្រហែល ២ ៖១៥ នាទីរសៀលលោក ត្រូវបានមន្ត្រីពន្ធនាគារមកហៅ ឲ្យទៅជួបគ្រួសារដែល មកសួរសុខទុក្ខ តែ ពេលទៅដល់លោកពិតជា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារអ្នកមកជួបនោះ គឺជាឈ្មោះ ហ៊ាង រតនា និងបុរសម្នាក់ទៀត (ពុំស្គាល់អត្តសញ្ញាណ) មកជួបលោក ជាលក្ខណៈឯកជនក្នុងពន្ធនាគារ ។ ក្នុងការជួបនោះ ឈ្មោះ ហ៊ាង រតនា តំណាងគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ អាតូម បានគំរាមកំហែងលោកថា “ គាត់បានដឹងទាំងអស់ពីរឿងដែលឯង (អ៊ុក គីរីរតនៈ)ពឹងពាក់មេធាវីឲ្យ សុំធានានៅក្រៅឃុំ ” ។មិនតែប៉ុណ្ណោះឈ្មោះ ហ៊ាង រតនា បានបន្តគំរាមកំហែង ទៀតថា “ មិនបាច់ទៅចំណាយលុយ ៥០ ០០០ ដុល្លារអាមេរិក ទៅ ៦០ ០០០ ដុល្លារអាមេរិកទេ វាឥតប្រយោជន៍ទេ បើទោះជាឯង (អ៊ុក គីរីរតនៈ ) អាចចេញក្រៅឃុំបាន ក៏ខ្ញុំនឹងរកវិធីដាក់ករណី ផ្សេងៗទៀត ដើម្បីនាំខ្លួនឯង (អ៊ុក គីរីរតនៈ) មក ដាក់ពន្ធនាគារដដែលទេ ហើយទោះអ្នកឯងទៅពឹងមេធាវីណា ក៏ពុំមានប្រយោជន៍ដែរ ”។ លើសពីនេះ ឈ្មោះ ហ៊ាង រតនា ថែមទាំងតាមដានរាល់សកម្មភាពរបស់ ក្រុមហ៊ុន ដែលលោកបានចូលហ៊ុន គ្នារកស៊ីជាមួយមិត្តភក្តិនោះ មិនសូវ មានដំណើរការទេ ដោយដឹងថាផ្ទះរបស់លោក កំពុងជាប់បញ្ចាំនៅធនាគារ ។
ដោយផ្អែកលើស្ថានភាព ទន់ខ្សោយ របស់លោកនិងក្រុមគ្រួសារ ឈ្មោះ ហ៊ាង រតនា បានប្រើមធ្យោបាយទុច្ចរិតបោកបញ្ឆោត ផងគំរាមនិងបង្ខំឲ្យលោកទៅខ្ចីលុយ ពីឯកជនដើម្បីលោះប្លង់ដី និងផ្ទះចេញពីធនាគារនិងនៅសល់ លុយយក មកឲ្យគាត់ដើម្បី ជាការដោះដូរជាមួយនឹង ការដកពាក្យបណ្តឹង រដ្ឋប្បវេណី ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៩០៩៣ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១៥ របស់សាលាដំបូងរាជធានីភ្នំពេញ និងឲ្យលោកបាននៅក្រៅឃុំនិងឲ្យលោកគិត ពីកូននិង ប្រពន្ធនៅខាងក្រៅ ហើយកុំស្តាយពីទ្រព្យសម្បត្តិអី ព្រោះទ្រព្យអាចរកមកវិញបានទេ (ន័យនេះឈ្មោះ ហ៊ាង រតនា បំភ័យលោកដើម្បីឲ្យលោក មានការភិតភ័យនិងព្រមយកប្លង់ដី និងផ្ទះទៅខ្ចីលុយពីឯកជន យកមកឲ្យគាត់ ) ។
អំពើរបស់ឈ្មោះ ហ៊ាង រតនា បានធ្វើឲ្យលោកមានការ ភិតភ័យនិងតក់ស្លុតយ៉ាងខ្លាំង ព្រោះគាត់បានគំរាម លោកនិងបានតាមដានរាល់ពត៌មាន ឯកជន គ្រួសារ អាជីវកម្ម និងទ្រព្យសម្បត្តិ របស់លោកដែល ជាហេតុធ្វើឲ្យលោកមានការ បារម្ភពីសុវត្ថិភាព របស់គ្រួសាររួមទាំង សុវត្ថិភាពលោកផងដែរ ។
លោក អ៊ុក គីរីរតនៈបានសំណូមពរតុលាការថា ដើម្បី ថែរក្សា សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម លោកសូមសំណូមពរលោកព្រះរាជអាជ្ញា មេត្តាចាត់ការតាមនីតិវិធី ដោយបើកការចោទប្រកាន់លើ ឈ្មោះ ហ៊ាង រតនា ពីបទ ប៉ុនប៉ងកំហែងយក និងទាមទារ សំណងជម្ងឺចិត្តចំនួន ១០,០០០ ដុល្លារអាមេរិក ។
បន្ទាប់ពីបានទទួលចាត់ ការពាក្យបណ្តឹងនេះលោកសាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានធ្វើលិខិតទៅពន្ធនាគារដើម្បីបញ្ជាក់ការពិត។នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២០លោកឆែម សាវុធ អគ្គនាយករងនៃ អគ្គនាយកដ្ឋានពន្ធនាគារនិង ជាប្រធានមណ្ឌលអប់រំកែប្រែទី១ បានធ្វើលិខិតបញ្ជាក់ពីករណីចូលជួប សួរសុខទុក្ខ ជនជាប់ឃុំចំនួន០៣នាក់ នៅមណ្ឌល អប់រំកែប្រែ ទី១ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង២៖ ១៥នាទី រសៀល ។
ក្នុងលិខិតនោះប្រធាន មណ្ឌលអប់រំកែប្រែទី១ សូមជម្រាប ជូនលោកព្រះរាជអាជ្ញា រង អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ មេត្តាជ្រាបថានៅវេលាម៉ោង១៖ ៤០នាទីរសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២០ លោកឧត្តម អគ្គានុរក្សថ្នាក់លេខ២ សក់ តុងហេង អនុប្រធានមណ្ឌលអប់រំ កែប្រែទី១ ទទួលផែនប្រតិបត្តិបានសុំការអនុញ្ញាត ពី លោកប្រធានមណ្ឌលឲ្យឈ្មោះ ហ៊ាង រតនា និងមិត្តភក្តិម្នាក់ទៀត (មិនស្គាល់ឈ្មោះ) ដែលមានលេខទូរ សព្ទ័ (០១៧ ៧៧៩ ៦៦៦,០១២ ១៣៤៥ ៦៧៨ ) បានចូលជួបជនជាប់ឃុំ ចំនួន០៣នាក់ គឺ ០១- អ៊ុក គីរីរតនៈ ០២- អ៊ូ វាសនា ០៣- លី សុខគា ពិតប្រាកដមែន ដោយស្នើសុំជួប សួរសុខទុក្ខ ធម្មតាក្នុងនាមជាមិត្តភក្តិ។ មណ្ឌលក៏អនុញ្ញាតឲ្យជួបមិនស្មានថាយក ការអនុញ្ញាត របស់មណ្ឌលឲ្យ ជួបជាការកៀបបង្ខំ លើជនជាប់ឃុំនោះ ទេ ។
យោងតាមពាក្យបណ្តឹង និងលិខិតរបស់ប្រធាន មណ្ឌល អប់រំ កែប្រែ ទី ១ខាងលើនេះលោកសាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាកោះហៅលោក ហ៊ា ង រតនាឲ្យចូលមកតុលាការនៅថ្ងៃទី១៣ខែសីហាឆ្នាំ២០២០ខាងមុខនេះ ដើម្បីធ្វើការបំភ្លឺ៕