ដំណឹងល្អ!ចិន គ្រោងបង្កើតវិទ្យាស្ថានស្រាជ្រាវ ដាំដុះ និងចំរាញ់រុក្ខជាតិឱសថ នៅកម្ពុជា

0

ភ្នំពេញ៖ តំណាងក្រុមហ៊ុន Shanxi Institute of National Medical Biology របស់ចិន ដឹកនាំដោយលោក ឆាវ អ៊ីនទ័រ បានធ្វើការ ស្នើសុំកិច្ចសហការ និងការគាំទ្រ ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងការបង្កើតវិទ្យា ស្ថានស្រាវជ្រាវ និងបង្កើតរោងចក្រ ចំរាញ់រុក្ខជាតិឱសថ និងស្វែងរកផ្ទៃដី ដាំដុះរុក្ខជាតិឱសថនេះដែលគម្រោងនេះត្រូវបានការគាំទ្រថវិកាពីរដ្ឋាភិបាលចិន។នេះបើយោងតាមហ្វេសប៊ុករបស់លោក វេង សាខុន។

ក្នុងជំនួបជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ លោក ឆាវ អ៊ីនទ័រ បានបញ្ជាក់ថា «សមិទ្ធផលនេះពិតជា បានមកពីកិច្ចសហប្រតិបត្តិការ យ៉ាងពេញលេញ និងគ្រប់ជ្រុងជ្រោង រវាងរដ្ឋាភិបាល និងប្រជាជនយើងទាំងពីរ ដូចដែលលោករដ្ឋមន្ត្រីបានលើកឡើងខាងលើ។ ចូលមកដល់ប្រធានបទ អំពីជុំនួបនារសៀលថ្ងៃនេះ លោកប្រធានប្រតិភូបានជម្រាប អំពីគោលបំណងសំខាន់ នៃជុំនួបនាពេលនេះ គឺដើម្បីស្នើសុំកិច្ចសហការ និងការគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងការបង្កើតវិទ្យា ស្ថានស្រាវជ្រាវ និងបង្កើតរោងចក្រ ចំរាញ់រុក្ខជាតិឱសថ និងស្វែងរកផ្ទៃដីដំដុះរុក្ខជាតិឱសថនេះ ដែលគម្រោងនេះត្រូវបានការគាំទ្រថវិកាពីរដ្ឋាភិបាលចិន»។

ក្រោយទទួលបានព័ត៌មានខាងលើ លោកវេង សាខុន បានសម្តែងការស្វាគមន៍ និងគាំទ្រចំពោះគម្រោង វិនិយោគដាំដុះរុក្ខជាតិឱសថ បង្កើតវិទ្យាស្ថាន និងរោងចក្រចំរាញ់រុក្ខជាតិឱសថ នៅកម្ពុជានាពេលអនាគត ។
លោករដ្ឋមន្ត្រី បានជម្រាបជូនផងដែរថា គម្រោងដ៏មានសារសំខាន់នេះ ពិតជាចូលរួមចំណែក កាត់បន្ថយបរិមាណ នាំចូលឱសថនាពេលអនាគត។ ទោះជាយ៉ាងណា លោករដ្ឋមន្ត្រីបានណែនាំឲ្យក្រុមហ៊ុន សិក្សាឲ្យបានច្បាស់លាស់ អំពីទីតាំង និងទំហំផ្ទៃដីដាំដុះ រុក្ខជាតិឱសថនេះ និងជាពិសេស ដោយសារគម្រោងវិនិយោគនេះត្រូវបានការគាំទ្រពីរាជរដ្ឋាភិបាលចិន លោករដ្ឋមន្ត្រី បានស្នើសុំឲ្យក្រុមហ៊ុន ធ្វើការទំនាក់ទំនង ជាមួយស្ថានទូតចិន នៅកម្ពុជា ដើម្បីទទួលបានកំណត់ទូត ច្បាស់លាស់ ស្នើសុំឲ្យរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការផ្តល់កិច្ចសហការ ឲ្យបានពេញលេញ និងគ្រប់ជ្រុងជ្រោយ។

លោករដ្ឋមន្ត្រី បានផ្តល់ក្តីសង្ឃឹម និងគាំទ្រចំពោះគម្រោងវិនិយោគនេះ និងបានស្នើឲ្យគណ:ប្រតិភូរៀបចំ ក្រុមការងារបច្ចេកទេស ដោយសហការ ជាមួយរដ្ឋបាលព្រៃឈើ និងអគ្គនាយកដ្ឋានកសិកម្ម ដើម្បីសិក្សាលើលទ្ធភាព នៃកិច្ចសហការជាមួយ សហគមន៍ព្រៃឈើ សហគមន៍កសិកម្មក្នុងការដាំដុះ និងពិនិត្យលើក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចមួយចំនួនដែលមិនទាន់បានធ្វើការអភិវឌ្ឍដើម្បីធ្វើ ជាដៃគូ ហើយចាំបាច់ក្រុមហ៊ុន គួរតែរៀបចំផែនទី បង្ហាញផ្លូវមួយច្បាស់លាស់ មុនឈានទៅរៀប ចំឯកសារ MOU រួចចុះហត្ថលេខា ហើយត្រង់ចំណុះនេះ ភាគីចិន បានឯកភាពទាំងស្រុង ថានឹងយកសំណើ និងអនុសាន៍ របស់លោករដ្ឋមន្រ្តីទៅពិចារណា។

ឆ្លៀតយកឱកាសនេះ លោក វេង សាខុន ក៏បានជម្រាបប្រតិភូផងដែរ អំពីទំហំនៃការនាំចេញ កសិផលកម្ពុជា នាពេលកន្លងមកដូចជាអង្ករ ចំណិតដំឡូងមីក្រៀម ចេកអំបូងលឿងស្រស់ គ្រាប់ ស្វាយចន្ទី និងដំណាប់ស្វាយ។ល។ ជាងនេះទៅទៀត មុនទំនិញមួយចំនួន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងសហការ ជាមួយរដ្ឋបាល គយចិន រៀបចំពិធីសារ ដើម្បីឈានទៅធ្វើការនាំចេញ ទៅកាន់ទីផ្សារចិន នាពេលអនាគត៕