ឆ្នាំ២០១៩កម្ពុជា នាំចេញត្រី ប្រមាណ១ម៉ឺនតោន ទៅក្រៅប្រទេស និងនាំចូល ត្រឡប់មកវិញ នូវគ្រឿងសមុទ្រប្រហែល២ម៉ឺនតោន (Video)

0

ភ្នំពេញ៖ លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយករដ្ឋបាលជលផល បានលើកឡើងថា ក្នុងឆ្នាំ២០១៩ កន្លងទៅកម្ពុជាបាននាំចេញត្រី ប្រមាណ១ម៉ឺនតោន ទៅកាន់ទីផ្សារប្រទេសជិតខាង និងបាននាំចូលត្រឡប់មកវិញនូវគ្រឿង សមុទ្រប្រមាណ២ម៉ឺនតោន ដែលជាប្រភេទកម្រ ក្នុងស្រុកដើម្បីបំពេញ តម្រូវការភ្ញៀវទេសចរ និងកំណើនប្រជាពលរដ្ឋ។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី វិធានការជំរុញ ផលិតផលកសិកម្ម ទៅកាន់ទីផ្សារពិភពលោក កាលពីថ្ងៃទី៦ ខែសីហាឆ្នាំ២០២០ លោក អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយករដ្ឋបាលជលផលបាន លើកឡើងថា កាលពីពេលថ្មីៗប្រទេសចិនបានអនុញ្ញាតឲ្យកម្ពុជា នាំចេញត្រីដំរី ពពួកបង្កង ខ្យងខ្ចៅ និងអន្ទង់ដែលសុទ្ធសឹង ជាប្រភេទមានតម្លៃថ្លៃ និងគុណភាពខ្ពស់។

ពាក់ព័ន្ធករណីនេះ លោក អេង ជាសាន បានលើកឡើងបន្ថែមថា រដ្ឋបាលជលផលបាន និងកំពុងខិតខំជំរុញការងារឲ្យបានកាន់តែល្អប្រសើរ ដោយតម្រូវទៅតាមលក្ខខណ្ឌ បច្ចេកទេសនិងលក្ខខណ្ឌតម្រូវផ្សេងៗ ដើម្បីអាចនាំចេញទៅកាន់ទីផ្សារ អន្តរជាតិបាន។ទន្ទឹមនឹងនេះដែររដ្ឋបាលជលផល ក៏បាននិងកំពុងស្វះស្វែងរកទីផ្សារផ្សេងៗ បន្ថែមទៀតតាមរយៈកិច្ចសហការជាមួយ ដៃគូអភិវឌ្ឍន៍នានា។

លោក អេង ជាសាន បានបញ្ជាក់ថា «ក្នុងឆ្នាំ២០១៩យើងបាននាំចេញត្រី ប្រហាក់ប្រហែលជា១ម៉ឺនតោនដែរ ទៅតាមប្រទេសជិតខាងដូចជាថៃ វៀតណាម ឡាវ និងប្រទេសមួយចំនួនទៀតមានសិង្ហបុរី ហុងកុង ឬចិន។ ទន្ទឹមនឹងការរីកចម្រើនវិស័យទេសចរណ៍ យើងក៏បាននាំចូលផលិតផលមួយចំនួន ដែលមិនមាននៅក្នុងស្រុកឧទាហរណ៍ ដូចជាគ្រឿងសមុទ្រមួយចំនួន ដែលជាប្រភេទមិនមាន នៅក្នុងប្រទេសយើង បាននាំចូលពីឆ្នាំទៅប្រហាក់ប្រហែលជា២ម៉ឺនតោន ដើម្បីបំពេញតម្រូវការភ្ញៀវទេសចរ» ៕