ទំនប់សាលាតាអន ក្នុងខេត្តបាត់ដំបង ធ្វើឲ្យក្ដីស្រមៃ រដ្ឋមន្ត្រីក្រសួងធនធានទឹក ក្លាយជាការពិត

0

ភ្នំពេញ៖ ស្របពេលដែលគម្រោង អភិវឌ្ឍន៍ទំនប់សាលាតាអន សាងសង់សម្រេចបានប្រមាណ ៧០% ហើយនោះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន គឺ​ជាក្តី​ស្រមៃរបស់​លោក ជាយូរ​ណាស់​មកហើយ​ ដែល​ចង់​បាន​នូវ​សំណង់​ដូច​នេះ​ ពេល​នេះ​បាន​ក្លាយ​ជា​ការ​ពិត​ហើយ​ ។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុក ក្រសួងធនធានទឹក នៅថ្ងៃទី៦ សីហាបានឲ្យដឹងថា គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ជាគម្រោងមួយក្រោមហិរញ្ញប្បទាន សម្បទានរបស់សាធារណរដ្ឋកូរ៉េ ។ គម្រោងនេះ បានចាប់ផ្តើមធ្វើការសាងសង់ កាលពីខែមករា ឆ្នាំ២០១៩ ហើយគ្រោងនឹងបញ្ចប់ នៅខែមិថុនា ឆ្នាំ២០២១ ។

គិតមកដល់ថ្ងៃនេះ ការងារសម្រេចបានប្រមាណ ៧០% លើទំហំការងារសរុបរបស់គម្រោង ។ បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន អាចផ្គត់ផ្គង់ទឹកសម្រាប់ការ ស្រោចស្រពលើផ្ទៃដីស្រូវវស្សាបាន ចំនួន ១១.០០០ហិកតា ផ្ទៃដីស្រូវប្រាំងបាន ចំនួន ៤.០០០ ហិកតា ។

ទំហំការងារដែលបាន និងកំពុងអនុវត្តរួមមាន៖

១- សាងសង់ប្រឡាយ ពង្វាងទឹកតាមមាត់ស្ទឹង ០១ ខ្សែ ប្រវែង ៣៨០ ម៉ែត្រ ។
២- សាងសង់សំណង់ទ្វារទឹក ស្ទាក់ស្ទឹងសង្កែ ប្រវែង ៧៤ ម៉ែត្រ ចំនួន ០១ កន្លែង ។
៣- សាងសង់ប្រឡាយធ្វើពីបេតុង ចំនួន ០៤ ខ្សែ ប្រវែង ១៧,៧៧ គីឡូម៉ែត្រ ។
៤- សាងសង់សំណង់ក្បាលហុង ចំនួន ០៤ កន្លែង ។
៥- សាងសង់សំណង់ស្ទាក់ទឹកប្រឡាយមេ ចំនួន ១៣ កន្លែង ។
៦- សាងសង់សំណង់ចែកចាយទឹក ចំនួន ២១ កន្លែង ។
៧- សាងសង់ស្ពានឆ្លងកាត់ប្រឡាយ ចំនួន ២៣ កន្លែង ។
៨- សាងសង់ជណ្តើរចុះក្នុងប្រឡាយមេ សម្រាប់អ្នកភូមិប្រើប្រាស់ ចំនួន ២៧៤ កន្លែង ។

ក្នុង​ឱកាសអញ្ជើញចុះពិនិត្យគម្រោងអភិវឌ្ឍន៍ ទំនប់សាលាតាអន មានទីតាំងស្ថិតនៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីម្សិលមិញ លោករដ្ឋមន្ត្រី លឹម គានហោ បានមានប្រសាសន៍ថា «គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន គឺ​ជាក្តី​ស្រមៃរបស់​ខ្ញុំ​ជាយូរ​ណាស់​មកហើយ​ ដែល​ចង់​បាន​នូវ​សំណង់​ដូច​នេះ​ ពេល​នេះ​បាន​ក្លាយ​ជា​ការ​ពិត​ហើយ​ ។ គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន​ ជាប្រព័ន្ធធារាសាស្រ្តមួយ ស្ថិតនៅលើដងស្ទឹងសង្កែ ដែលមានប្រព័ន្ធបញ្ជា ដោយស្វ័យប្រវត្តិតាមរយៈកុំព្យូទ័រ ហើយ​ក៏ជាគម្រោងទី​៣​ បន្ទាប់​ពី​គម្រោង​ពហុ​បំណង​សេកសក​ និង​ទំនប់​កង្ហត​ ក្នុង​ការ​ស្ទាក់​ទឹក​ទុក​ មុន​នឹង​ហូរ​ទៅ​ទន្លេ​សាប»​ ។

លោករដ្ឋមន្ត្រីបន្ថែមថា គម្រោងនេះ មិនត្រឹមតែផ្តល់ទឹកសម្រាប់ បម្រើឲ្យការងារស្រោចស្រពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការប្រើប្រាស់ ក្នុងជីវភាពប្រចាំថ្ងៃរបស់ បងប្អូនប្រជាពលរដ្ឋ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកឯកភ្នំ ស្រុកសង្កែ និងស្រុកថ្មគោល ជាពិសេស បងប្អូនប្រជាពលរដ្ឋក្នុង ក្រុងបាត់ដំបងផ្ទាល់តែម្តង មានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ បញ្ចៀសបាននូវការ គម្រាមកំហែងពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលតែងតែយាយីជារៀងរាល់ឆ្នាំ ផងដែរ ។ មិនតែប៉ុណ្ណោះ គម្រោងអភិវឌ្ឍន៍ទំនប់សាលាតាអន ក៏ជាតំបន់ទេសចរណ៍ និងជាកន្លែងកំសាន្តដ៏ទាក់ទាញមួយ សម្រាប់ភ្ញៀវទេសចរណ៍ កាន់តែច្រើនចូលមកកាន់ខេត្តនេះ ៕