ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរ ទិវាអាស៊ាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ បានលើកឡើងថា ថ្ងៃទី៨ ខែសីហា យើងប្រារព្ធខួបលើកទី៥៣ឆ្នាំ នៃការបង្កើតអាស៊ាន ក្រោមស្រមោលនៃវិបត្តិសាកលផ្ទួនៗ ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ និងការប្រឈមមុខដាក់គ្នា ដ៏តានតឹងរវាងប្រទេសមហាអំណាច ។
តាមរយៈសារលិខិតអបអរសាទរ នៅថ្ងៃទី៧ សីហានេះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានមានប្រសាសន៍ថា នៅពេលដែលអាស៊ាន ត្រូវបានបង្កើតឡើង នាឆ្នាំ១៩៦៧ សង្រ្គាមត្រជាក់បានជះឥទ្ធិពល ពាសពេញពិភពលោក ហើយតំបន់របស់យើង ក៏ញាំញីទៅដោយសភាពការណ៍តានតឹង។ ចាប់តាំងពីការបង្កើតនោះមក អាស៊ានបានវិវឌ្ឍឈានទៅមុខ ប្រកបដោយជោគជ័យត្រចះត្រចង់ ហើយបានពង្រីកទាំងទំហំ និងវិសាលភាពគ្របដណ្តប់របស់ខ្លួន។ ផ្តើមចេញពីបំណងប្រាថ្នាការពារ និងលើកកម្ពស់ការអភិវឌ្ឍ ប្រកបដោយសន្តិភាពក្នុងតំបន់ អាស៊ានបានទទួលជោគជ័យ ក្នុងការបង្ការទប់ស្កាត់ការឡើងកម្តៅ ពីការប្រឈមមុខដាក់គ្នា និងការបង្ការជម្លោះនានា មិនឱ្យរីករាលដាលក្លាយទៅជាសង្រ្គាម តាមរយៈមធ្យោបាយសន្តិភាព និងការទូត។
ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានបញ្ចប់សង្រ្គាមស៊ីវិល របស់ខ្លួនទាំងស្រុងក្នុងឆ្នាំ១៩៩៨ និងបានក្លាយជាសមាជិក ចុងក្រោយរបស់គ្រួសារអាស៊ាន ក្នុងឆ្នាំ១៩៩៩។ ធម្មនុញ្ញអាស៊ាន ដែលបានចូលជាធរមានកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០០៨ បានផ្តល់ឱ្យអាស៊ាននូវ មូលដ្ឋានគ្រឹះថ្មីមួយទៀត សម្រាប់ការបោះជំហាន ប្រកបដោយស្ថិរភាព ឆ្ពោះទៅកាន់ការបង្កើត សហគមន៍អាស៊ាននៅឆ្នាំ២០១៥។
ជាមួយនឹងការដាក់បញ្ចូលកម្ពុជា ជាសមាជិករបស់ខ្លួន អាស៊ានមានវិសាលភាពគ្រប់ដណ្តប់ លើប្រទេសទាំង១០ ដែលមានចរិកលក្ខណៈពិសេស ដោយឡែករបស់ខ្លួន និងពោរពេញដោយភាពចម្រុះ ទាំងផ្នែករចនាសម្ព័ន្ធសង្គម សេដ្ឋកិច្ច និងនយោបាយ ហើយនេះជាអ្វីដែលយើងគ្រប់គ្នា លើកឡើងថាជា «ឯកភាពក្នុងភាពចម្រុះ» ដែលនេះជាកត្តារួមចំណែក ដ៏សំខាន់ដល់ភាពធន់របស់អាស៊ាន និងស្មារតីរួបរួមគ្នាដ៏ជ្រាលជ្រៅ។ លក្ខណៈសម្បត្តិដ៏ពិសេស មួយរបស់អាស៊ាន នោះគឺ អភិក្រមផ្អែកលើគោលការណ៍កុងសង់ស៊ីស ដែលធានាបានថា ប្រទេសសមាជិកអាស៊ានទាំងអស់ មានសម្លេងមួយស្មើៗគ្នា មិនថាប្រទេសនោះធំឬតូច ឬមានសេដ្ឋកិច្ចខ្លាំងឬខ្សោយនោះទេ។ អាស៊ានបានខិតខំប្រឹងប្រែងគ្មានសំចៃ ក្នុងការបង្រួមគម្លាតអភិវឌ្ឍន៍ នៅក្នុងតំបន់អាស៊ាន តាមរយៈកម្មវិធីមួយចំនួនដូចជា គំនិតផ្តួចផ្តើមសម្រាប់ សមាហរណកម្មអាស៊ាន (IAI) ។ កម្ពុជាក៏បាន រួមចំណែកយ៉ាងធំធេង ដល់ដំណើរការនៃការ កសាងសហគមន៍អាស៊ាន ដោយអនុលោមទៅតាម គោលនយោបាយការបរទេសរបស់ខ្លួន ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ តំបន់និយមមួយ ដោយផ្អែកលើវិធានច្បាប់ ប្រកបដោយបរិយាប័ន្ន និងបើកចំហ។
អាស៊ាន បានបន្តតាមដានយ៉ាង យកចិត្តទុកដាក់នូវ បញ្ហានានារបស់តំបន់ និងសាកលលោក ហើយតែងតែបញ្ជាក់ឱ្យឃើញថា ខ្លួននៅតែដើរតួនាទីសំខាន់ និងប្រកបដោយលក្ខណៈស្ថាបនា នៅលើឆាកអន្តរជាតិ។ អាស៊ានបានផ្តល់ឱ្យប្រទេសមាជិក របស់ខ្លួននូវខែលសន្តិសុខ និងគម្លាត ជាយុទ្ធសាស្រ្ត សម្រាប់ការប្រាស្រ័យទាក់ទង ប្រកបដោយខ្លឹមសារជាមួយ នឹងដៃគូនានាដែលប្រកួតប្រជែងគ្នា ហើយមានគោលបំណង ស្វែងរកផលប្រយោជន៍ទៅវិញទៅមកជាមួយអាស៊ាន ដោយឈរលើគោលការណ៍ គោរពគ្នាទៅវិញទៅមក និងការទទួលស្គាល់មជ្ឈភាពអាស៊ាន។ អាស៊ាននឹងបន្តធ្វើឱ្យ កាន់តែស៊ីជម្រៅបន្ថែមទៀត នូវទំនាក់ទំនងជាមួយ ប្រទេសមានអំណាចនានា ទាំងក្នុងកម្រិតតំបន់ និងក្រៅតំបន់។ ដោយមានការងើបឡើង នូវនិន្នាការប្រជាកលនិយម គាំពារនិយម និងជាតិនិយម ខណៈពេលដែលប្រទេសមាន អំណាចសំខាន់ៗកំពុង ប្រកួតប្រជែងគ្នាដើម្បីឧត្តម្មានុភាព អាស៊ានបានក្លាយជា ចំណុចប្រមូលផ្តុំថ្មី សម្រាប់ការប្រឈមមុខ ខាងផ្នែកភូមិសាស្រ្តនយោបាយ ហើយជាការពិតណាស់ ឯកភាពរបស់អាស៊ាន ក៏កំពុងតែទទួលរង នូវសម្ពាធពីខាងក្រៅ។ អាស៊ានមិនគួររារែកក្នុងការរក្សា និងជំរុញមជ្ឈភាពរបស់ខ្លួន តាមរយៈការដើរតួនាទីអព្យាក្រឹត ប្រកបដោយលក្ខណៈស្ថាបនា នៅក្នុងនិម្មាបនកម្មតំបន់ ដែលកំពុងតែវិវឌ្ឍនោះទេ។ អាស៊ានពុំមានលក្ខណៈ គំរាមកំហែងណាមួយឡើយ ហើយអាស៊ានក៏កំពុងតែ មានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយនឹង ប្រទេសមានអំណាចសំខាន់ៗ និងប្រទេសមាន អំណាចធុនកណ្តាលទាំងអស់ផងដែរ។
ក្រោមមូលបទរបស់អាស៊ានឆ្នាំនេះ «ភាពស្អិតរមួត និងការឆ្លើយតប» អាស៊ានបានរួបរួមសាមគ្គីគ្នា តាមរយៈកិច្ចខិតខំប្រឹងប្រែងនានា ក្នុងការដោះស្រាយបញ្ហា ប្រឈមថ្មីៗជាច្រើន។ អាស៊ានបាន ដាក់ចេញនូវវិធានការជាក់លាក់ ក្នុងការសម្របសម្រួល វិធានការឆ្លើយតបបន្ទាន់ ទៅនឹងជំងឺរាតត្បាតកូវីដ-១៩ ក្នុងគោលបំណងដើម្បីជួយសង្រ្គោះជីវិត និងជីវភាពរស់នៅរបស់ប្រជាជន។ យន្តការពហុវិស័យ និងពហុកម្រិត ដែលមានអាយុកាល រាប់ទសវត្សរ៍របស់អាស៊ាន បានផ្តល់ លទ្ធភាពឱ្យអាស៊ានធ្វើការគ្រប់គ្រង និងសម្របសម្រួលប្រកបដោយ ប្រសិទ្ធភាពនូវគោលនយោបាយ ឆ្លើយតបថ្នាក់តំបន់ចំពោះបញ្ហានេះ។ មូលនិធិអាស៊ានសម្រាប់ ការឆ្លើយតបនឹងវីរុសកូវីដ-១៩ មជ្ឈមណ្ឌលអាស៊ានសម្រាប់ គ្រោះអាសន្នសុខភាពសាធារណ: និងជំងឺដែលកំពុងលេចឡើង និងផែនការស្តារសេដ្ឋកិច្ច ឡើងវិញគ្រប់ជ្រុងជ្រោយ គឺជាឧទាហរណ៍ដ៏ប្រសើរ នៃគោលនយោបាយទាំងនេះ។
ជាពិសេសវិស័យសេដ្ឋកិច្ចវិញ អាស៊ានបានបោះជំហានកាន់តែជិត ឆ្ពោះទៅកាន់ការចុះហត្ថលេខា លើកិច្ចព្រមព្រៀងស្តីពី ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ នៅក្នុងឆ្នាំនេះ ហើយក៏កំពុងបន្តធ្វើការងារ ដើម្បីជំរុញការចរចាកិច្ចព្រមព្រៀង តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អឺរ៉ុប ដែលទើបនឹងប្រកាសនាពេលថ្មីៗនេះ។ អាស៊ានកំពុងតែពង្រឹងនូវភាព ជាដៃគូដ៏រឹងមាំរបស់ខ្លួន ជាមួយនឹងអង្គការសហប្រជាជាតិ ដើម្បីជំរុញការអនុវត្តរបៀបវារៈ ឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ អាស៊ានក៏កំពុងតែទាញយក កាលានុវត្តភាពនានា ដែលកើតចេញបច្ចេកវិទ្យាឌីជីថល និងការកើនឡើងនៃភាពតភ្ជាប់តំបន់។
ក្នុងឱកាសដ៏វិសេសវិសាលនេះ ខណៈពេលដែលយើងទាំងអស់គ្នា បង្ហូតទង់អាស៊ានខ្ពស់ឡើង ដើម្បីអបអរសាទរសមិទ្ធផលនានា ដែលយើងសម្រេចបានកន្លងមក យើងដឹងយ៉ាងច្បាស់ថា ការងាររបស់យើងពុំទាន់បាន បញ្ចប់ទាំងស្រុងនៅឡើយទេ។ យើងបានកសាងសហគមន៍ មួយដែលមានភាពចម្រុះគ្នា ប៉ុន្តែពោរពេញដោយស្ថិរភាព យើងរីកចម្រើនទាំងអស់គ្នា ក្នុងនាមជាតំបន់មួយ ដ៏ខ្លាំងក្លា ដែលបានផ្សារភ្ជាប់ខ្លួនទៅ នឹងពិភពលោកខាងក្រៅ និងបានចូលរួមចំណែកដល់ការ រៀបចំសណ្តាប់ធ្នាប់តំបន់ និងសាកលលោក យើងបានពង្រឹងអង្គការអន្តររដ្ឋាភិបាល មួយប្រកបដោយភាពជឿជាក់ និងប្រសិទ្ធភាព ដែលទទួលបានការគោរព និងទំនុកចិត្តពីដៃគូអភិវឌ្ឍន៍នានា។ យើងបានធ្វើដំណើរលើផ្លូវដ៏វែងឆ្ងាយ ដើម្បីកំណត់ទីតាំង និងតួនាទីរបស់យើងនៅក្នុង ពិភពលោក និងដើម្បីធានានូវអនាគតដ៏ភ្លឺស្វាង សម្រាប់ប្រជាជនយើង។ យើងទាំងអស់គ្នាបាន
កសាងនូវមូលដ្ឋានគ្រឹះសំខាន់ៗនានា ឆ្ពោះទៅសម្រេចបាននូវទស្សនៈវិស័យ សហគមន៍អាស៊ាន ឆ្នាំ២០២៥ ដែលប្រាថ្នាចង់ឱ្យអាស៊ានក្លាយជា តំបន់ដែលពោរពេញដោយសន្តិភាព ស្ថិរភាពមានភាពធន់ និងជាតំបន់ដែលសម្លឹងឆ្ពោះទៅខាងក្រៅ នៅក្នុងសហគមន៍ ប្រជាជាតិសាកលលោក ៕