ភ្នំពេញ៖ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ លោក ម៉ា ស៊ុនហួត អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារ នៃអង្គភាពគ្រប់គ្រងគម្រោង (PMU) និងអង្គភាព អនុវត្តគម្រោង (PIU) ចុះពិនិត្យវឌ្ឍនភាពការងារ សាងសង់ផ្លូវជាតិលេខ១០ ដោយមានការចូលរួមពីតំណាង ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) មន្ត្រីបច្ចេកទេសក្រោមឱវាទក្រសួង និងភាគីពាក់ព័ន្ធផងដែរ។
យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងសាធារណការបានឲ្យដឹងថា លោកអនុរដ្ឋលេខាធិការ បានថ្លែងកោតសរសើរ ដល់ក្រុមហ៊ុនសាងសង់ ដែលបានខិតខំប្រឹងប្រែង បំពេញការងារសាងសង់របស់ខ្លួន ដោយគិតរហូតមកទល់ពេលនេះ សម្រេចបាន ៣៦,៤% និងបានណែនាំឱ្យក្រុមហ៊ុន យកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព និងសុខមាលភាពកម្មករ កម្មការនីផងដែរ។
សូមជម្រាបជូនថា ផ្លូវជាតិលេខ១០ នេះតភ្ជាប់ខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង មានសក្តានុពលក្នុងការជំរុញ ការនាំចេញផលិតផលកសិកម្ម ជាពិសេសសម្រួលដល់ការ ដឹកជញ្ជូនទំនិញប្រកបដោយ ប្រសិទ្ធភាព និងចំណេញពេលផងដែរ ៕