ពលរដ្ឋងាយរងគ្រោះបំផុតជិត ៤០០គ្រួសារ ក្នុងខេត្តកំពង់ឆ្នាំង ទទួលបានអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា

0

ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយមនុស្សធម៌ ដើម្បីជួយសម្រាល ការលំបាកផ្នែកជីវភាព ក្នុងស្ថានភាពជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ ងាយរងគ្រោះបំផុតចំនួន ៣៦៧គ្រួសារ (ជនជាតិខ្មែរ-ឥស្លាម ចំនួន ៥០គ្រួសារ) រស់នៅស្រុករលាប្អៀរ និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់ខុទ្ទកាល័យ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ។

ក្នុងឱកាសជួបសំណេះសំណាលនោះ គណៈប្រតិភូ កាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយលោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បើទោះបីជាសម្តេច​មិនបាន អញ្ជើញដោយផ្ទាល់ ក៏សម្តេចតែងតែ មានមនោសញ្ចេតនានឹករលឹក អាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ ពីជីវភាពរស់នៅប្រចាំថ្ងៃ និងសុខភាពរបស់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ជាពិសេសក្នុងស្ថានភាពនៃជំងឺកូវីដ-១៩ នេះ។

ជាមួយគ្នានេះលោកស្រី អគ្គលេខាធិការរងទី១ បានពាំនាំសារអំពាវនាវរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋ ទាំងអស់ ឱ្យមានស្មារតីប្រុងប្រយ័ត្នជានិច្ចពី ជំងឺកូវីដ-១៩ ដែលជាជំងឺដ៏កាចសាហាវ ឆ្លងយ៉ាងឆាប់រហ័ស និងមិនទាន់មានថ្នាំបង្ការ នៅឡើយ ។ ពិភពលោកទាំងមូល បាននិងកំពុង រិះរកគ្រប់មធ្យោបាយដើម្បី ទប់ស្កាត់វីរុសកូវីដ-១៩នេះ និយាយជារួម និងនិយាយដោយឡែក ប្រទេសកម្ពុជាយើង បានដាក់ចេញនូវវិធានការ ភ្លាមៗយ៉ាងច្បាស់លាស់ ធ្វើយ៉ាងណាទប់ស្កាត់ឱ្យខានតែបាន ការឆ្លងរាលដាលនៅក្នុងសហគមន៍ ហើយទទួលបានជោគជ័យ លើការព្យាបាលមានប្រសិទ្ធភាព ដោយគ្មានអ្នកស្លាប់ និងមានអ្នកជាសះស្បើយជាបន្តបន្ទាប់។

ទន្ទឹមនឹងនេះ សូមបងប្អូនប្រជាពលរដ្ឋ បន្តយកចិត្តទុកដាក់ អនុវត្តនូវវិធានការនានារបស់ ក្រសួងសុខាភិបាល និងត្រូវបង្កើនការយល់ដឹង អំពីសារសំខាន់នៃការធ្វើចត្តាឡីស័ក ចំពោះអ្នកចំណូលស្រុក ការរក្សាគំលាតសង្គម ការរក្សាអនាម័យ ការបរិភោគស្អាត និងត្រូវធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ជាពិសេស ជៀសវាងការព្យាបាល ឬប្រើប្រាស់ឱសថដោយខ្លួនឯង ដែលអាចនាំផលប៉ះពាល់ដល់ជីវិត។

បន្ថែមពីនេះ សូមបងប្អូនប្រជាពលរដ្ឋ មានស្មារតីប្រុងប្រយ័ត្ន ពីជំងឺគ្រុនឈាម នារដូវវស្សានេះ ជាពិសេសការកើតឡើងវិញ នូវជំងឺគ្រុនឈីក (CHIK) ខណៈជំងឺនេះបានរាលដាលដល់ ១៥ខេត្តហើយនៅក្នុងប្រទេសកម្ពុជា ដែលអាចជាបញ្ហាសុខភាព សាធាណៈមួយទៀត ដែល ប្រឈមទៅនឹងហានិភ័យ ឆ្លងរាលដាលពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ពីគ្រួសារមួយទៅគ្រួសារមួយ ពីភូមិមួយទៅភូមិមួយទៀតជាដើម តាមរយៈមូសខ្លាញី ដែលចល័តពីកន្លែងមួយទៅកន្លែងមួយ តាមមធ្យោបាយធ្វើដំណើរផ្សេងៗ និងតាមទីកន្លែងដែលមិនមាន អនាម័យបរិស្ថានស្អាត និងទីកន្លែងដែលបង្កឱ្យមាន ជម្រកមូសខ្លាច្រើនជាដើម។

ជាមួយគ្នានេះ សូមប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តច្បាប់ចរាចរណ៍ ឱ្យបានខ្ជាប់ខ្ជួន និងបន្តខិតខំប្រឹងប្រែង ប្រកបរបរបង្កបង្កើនផល ជាពិសេសចូលរួមលើក កម្ពស់វិស័យកសិកម្ម ដើម្បីបង្កើនការនាំចេញ ផលិតផលកសិកម្ម លើកស្ទួយសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ក្នុងស្ថានភាពកូវីដ-១៩នេះ ហើយរក្សាការរស់នៅ ជាមួយគ្នាដោយភាព សុខដុមរមណីកម្មសាសនា ជាតិសាសន៍ ក្រោមម្លប់នៃសន្តិភាព ។

សូមបញ្ជាក់ថា គ្រួសារនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ឃីត១ (មុង ភួយ សារុង ក្រមា អាវយឺត) និងសាប៊ូដុំ ២ដុំ ៕