កូវីដ១៩ និងភ្លៀងធ្លាក់ ស្ទើរទូទាំងប្រទេស ធ្វើឲ្យចំនួនភ្ញៀវទេសចរ នៅកម្ពុជាធ្លាក់ចុះ (Video)

0

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ភ្ញៀវទេសចរហាក់ មានភាពថមថយ នៅសប្តាហ៍ចុងក្រោយ នៃខែកក្កដានេះ ដោយសារអាកាសធាតុ មានភ្លៀងធ្លាក់ខ្លាំងស្ទើរ ទូទាំងប្រទេស ព្រមជាមួយព័ត៌មាន នៃការផ្ទុះឡើងវិញមួយចំនួន នៃជំងឺកូវីដ១៩ នៅប្រទេសជិតខាង។នេះបើយោង តាមក្រសួងទេសចរណ៍ ។

លោករដ្ឋមន្រ្តីក៏បានឱ្យដឹងផងដែរថា សម្រាប់ខែកក្កដា ឆ្នាំ២០២០នេះ ភ្ញៀវទេសចរផ្ទៃ ក្នុងដែលបានធ្វើដំណើរកម្សាន្ត ទូទាំងប្រទេស មានចំនួនសរុប ៧៤០,០២៨នាក់ កើនឡើង ១៥.២% ធៀបនឹងខែមិថុនា ក្នុងនោះមានភ្ញៀវជាតិមាន ៧២៣,២៣៨នាក់ កើនឡើង ១៥.៣៥% និងភ្ញៀវបរទេសមាន ១៦,៧៩០នាក់ កើនឡើង ៩.៩៩%។

ជាការកត់សម្គាល់ ក្នុងខែកក្កដានេះ ចំនួនភ្ញៀវទេសចរផ្ទៃក្នុង បានកើនឡើងដល់ជាង ៧៤ម៉ឺននាក់ គឺស្មើនឹងប្រមាណ ៧៥% នៃភ្ញៀវទេសចរផ្ទៃក្នុងមុនកូវីដ១៩ ដែលលើសពីបណ្តាខែកន្លងមក ដែលមានចំនួនត្រឹមតែ ៦០-៦៥% ដែលនេះបង្ហាញពី សញ្ញាកាន់តែវិជ្ជមាននៃចលនា ទេសចរណ៍ ផ្ទៃក្នុង ខណៈដែលអាជីវកម្មទេសចរណ៍កាន់តែច្រើន ពិសេសសណ្ឋាគារ និងសេវាស្នាក់នៅនានា បានបើកដំណើរការឡើងវិញជាហូហែរ។

នៅតាមគោលដៅ ទេសចរណ៍នានា ទូទាំងប្រទេស មានការយកចិត្តទុកដាក់ ខិតខំជំរុញការអនុវត្តនូវគោលការណ៍ ណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពសុវត្ថិភាព របស់ក្រសួងទេសចរណ៍ ក្នុងការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ដោយមានការចុះណែនាំ និងតាមដានការអនុវត្ត ជាប្រចាំពីគណៈអភិបាលខេត្ត និងមន្ទីរជំនាញ ៕