ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានឱ្យដឹងថាគិតមកដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះ កម្ពុជាមានករណីសង្ស័យ អ្នកកើតជំងឺគ្រុនឈីក ចំនួន១៧០០ករណីសង្ស័យនៅក្នុងខេត្តចំនួន១៥ទូទាំងប្រទេសកម្ពុជា។
តាមរយៈបណ្ដាញទំនាក់ទំនងតេលេក្រាម លោកស្រី ឱ វណ្ណឌីន បានឱ្យដឹងថា «គិតមកដល់ពេលនេះ ស្ថានភាពជំងឺគ្រុនឈីក នៅកម្ពុជា រហូតមកដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះ បើតាមរបាយណ៍ស្រាវជ្រាវ និងតាមដានដោយយកចិត្តទុកដាក់ពី កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម និងមជ្ឈមណ្ឌលជាតិប្រយុទ្ធនិងជំងឺគ្រុនចាញ់នៃក្រសួងសុខាភិបាលនេះបានរាយណ៍ការថាមានករណីសង្ស័យជំងឺគ្រុនឈីក សរុបមានការកើនឡើងពី១០២០ករណីសង្ស័យ ដែលបានរាយណ៍ការលើកមុននោះ ឡើងមកដល់១៧០០ករណីសង្ស័យ ដែលកើតមានឡើងនៅក្នុងខេត្តចំនួន១៥ »។
លោកស្រីបានឱ្យដឹងទៀតថា ខេត្តទាំង១៥ ដែលកំពុងផ្ទុះជំងឺគ្រុនឈីករួមមាន៖ ស្ទឹងត្រែង កំពង់ធំ បាត់ដំបង ប៉ៃលិន ពោធិ៍សាត់ ឧត្ដរមានជ័យ កំពត ត្បូងឃ្មុំ តាកែវ ព្រះសីហនុ ព្រះវិហារ កណ្ដាល បន្ទាយមានជ័យ កំពង់ចាមនិងខេត្តសៀមរាប ក្នុងនោះខេត្តដែលទើបនឹងរកឃើញថ្មីចំនួនបី គឺខេត្តកំពង់ធំ បាត់ដំបង និងខេត្តកណ្ដាល។
ដោយឡែកនៅក្នុងចំណោម ១៧០០ករណីសង្ស័យនេះ លោកស្រីបានឱ្យដឹងថា កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម បានកំពុងធ្វើការវិភាគ យ៉ាងយកចិត្តទុកដាក់ ហើយនៅក្នុងនោះ គិតត្រឹមថ្ងៃទី៥ សីហា នេះ ទទួលបានលទ្ធផល សម្រាប់ខេត្តបន្ទាយមានជ័យ សៀមរាប ឧត្ដរមានជ័យ ព្រះវិហារស្ទឹងត្រែង ព្រះសីហនុ និងខេត្តបាត់ដំបង ផ្អែកលើការធ្វើតេស្ដ លើករណីសង្ស័៧៧ទាំងអស់នោះ គឺមាន៧២,៤០% ដែលបានរកឃើញថា មានជំងឺគ្រុនឈីក។
ជាមួយគ្្នានេះផងដែរ លោកស្រីរដ្ឋលេខាធិការ ក៏បានអំពាវនាវ ឱ្យប្រជាពលរដ្ឋ មានការយកចិត្តទុកដាក់ និងការពារខ្លួនឱ្យបានជាប់ជានិច្ច ព្រោះរដូវកាលនេះជារដូវភ្លៀង ហើយការកកើតមូស ក៏មានច្រើនហើយផងដែរ។
សូមរំលឹកថាជំងឺឈីកគន់ហ្គន់យ៉ា (Chikunngunya) ដែលហៅកាត់ថា ឈីក (CHIK)ត្រូវបានរកឃើញ នៅក្នុងភូមិមួយចំនួននៃសង្កាត់ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ ។ជំងឺគ្រុនឈីក(CHIK) កើតឡើងដំបូងបំផុតនៅឆ្នាំ១៩៥៣ នៅទ្វីបអាហ្វ្រីក និងធ្លាប់បានរកឃើញដំបូងនៅកម្ពុជាដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅឆ្នាំ១៩៦១ និងឆ្នាំ២០១១ ក៏មានការបញ្ជាក់ពីករណីជំងឺនេះ នៅខេត្តបាត់ដំបង សៀមរាប និងព្រះវិហារ ហើយជំងឺគ្រុនឈីក ធ្លាប់មានអត្រាឆ្លងរោគខ្ពស់ រហូតដល់៦០-៧០% ក្នុងប្រទេសកម្ពុជានាទសវត្សរ៍ទី៦០ ហើយមានការរោតត្បាត ខ្លាំងផងដែរ នៅក្នុងឆ្នាំ២០១១-២០១២ នៅខេត្តព្រះវិហារ កំពង់ស្ពឺ ភ្នំពេញ កំពង់ចាម តាកែវ រតនគិរី ស្ទឹងត្រែង កំពង់ធំ កណ្ដាល និងខេត្តកំពត ៕