ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាសមិនទទួលស្គាល់ ចំពោះផ្លូវណាសាងសង់គ្មានលក្ខណៈបច្ចេកទេស ហើយក្រសួងនឹងឲ្យក្រុមហ៊ុននោះ សាងសង់ឡើងវិញ។ ជាមួយគ្នាលោករដ្ឋមន្រ្តីមិនសប្បាយចិត្តឡើយ ប្រសិនបើផ្លូវនោះធ្វើ២ដងព្រោះនាំឲ្យខាតពេលវេលា។
ក្នុងឱកាសចុះត្រួតពិនិត្យ វឌ្ឍនភាពការសាងសង់អាគារស្ទឹងបត់ ច្រកព្រំដែន កម្ពុជា-ថៃ នារសៀលថ្ងៃ ទី៥ ខែសីហា ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល បានឲ្យដឹងថា «យើងខ្ញុំបានពង្រឹងគុណភាពផ្លូវច្រើនណាស់ តើផ្លូវហ្នឹងមិនធ្វើ តាមលក្ខណៈបច្ចេកទេស យើងមិនទទួលទេ យើងឲ្យធ្វើឡើងវិញ ហើយផ្លូវមួយចំនួន យើងបានឲ្យធ្វើឡើងវិញ ទោះបី ជាធ្វើឡើងវិញក៏ដោយ ខ្ញុំក៏មិនសប្បាយចិត្តដែរ ធ្វើម្ដង ធ្វើឲ្យល្អទៅ កុំធ្វើពីរម្ដង នាំខាតពេលវេលា»។
លោករៀបរាប់ថា ផ្លូវធ្វើអស់ថវិកា ១០០លានដុល្លារ ទៅ២០០លានដុល្លារ ប្រើប្រាស់បាន១ឆ្នាំ ប៉ះកន្លែងនេះប៉ះកន្លែងនោះក្រសួង មិនចង់បានឡើយក្រសួងចង់បាន ផ្លូវរឹងមាំនិងមានគុណភាព។
លោករដ្ឋមន្រ្តីនឹងបន្ដចុះត្រួតពិនិត្យ ការដ្ឋានផ្លូវនៅកម្ពុជា ដោយមិនប្រាប់ក្រុមហ៊ុនសាងសង់ ឲ្យដឹងជាមុន ដើម្បីធ្វើយ៉ាងណា ឲ្យផ្លូវនៅកម្ពុជា មានភាព រឹងមាំបន្ថែមទៀត ៕