ភ្នំពេញ៖ លោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឲ្យសមត្ថកិច្ចចាត់វិធានការលើស្រ្តីអ្នកលក់ផលិតផលតាមអនឡាញLove Riya ខណៈស្រ្តីដែលល្បីខាងនេះបំពុលសង្គមឈ្មោះ Love Riya រូបនេះក៏ធ្លាប់ត្រូវបានសមត្ថកិច្ចហៅទៅធ្វើកិច្ចសន្យាប៉ុន្មានដងរួចមកហើយពាក់ប័ន្ធករណីស្លៀកពាក់សិចស៊ីបង្ហាញកេរភេទតាមហ្វេសប៊ុក។
លោកស្រី ហ៊ុន ស៊ីណាត បានសរសេរលើ គេហទំព័រហ្វេសប៊ុក កាលពីថ្ងៃទី៤ សីហា ក្នុងន័យដើមទាំងស្រុងថា “នាងនេះបំពុលសង្គម ធ្វើអោយគេអែងខ្វល់ តែរឿងគាត់រហូតអញ្ចឹង សូមសមត្ថកិច្ចចាត់វិធានការ លើនាងនេះម្ដងមើល ពីព្រោះខ្ញុំដើរមានអ្នកជេរ សមត្តកិច្ចខេត្តកណ្ដាល ថារបបចោរលួច របស់ស្រីម្នាក់នេះ ស្រីនេះហ៊ានឡាយពត៌មាន មិនពិតនាំឲ្យមហាជន មានការយល់ច្រលំ លើសមត្ថកិច្ចថា អសមត្ថភាពការពារសន្តិសុខ ជូនរាស្ត្រមិនបាន”។
ប្រតិកម្មរបស់លោកស្រី ហ៊ុន ស៊ីណាតបានធ្វើឡើង បន្ទាប់ពីតារាលក់ឡេ តាមអនឡាញ Love Riya ឡាយវីដេអូ ផ្អើលអ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក ថាចោរលួចឆ្កឹះទូរដែក យកលុយអស់ 30 ម៉ឺនដុល្លារ ចុងក្រោយសមត្ថកិច្ច ចុះស្រាវជ្រាវ បញ្ជាក់ថា ទូដែកនោះ គ្មានលុយសូម្បីតែមួយរៀល ៕