ភ្នំពេញ៖ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូរីដ១៩ បញ្ជាក់ថា ដោយឈរលើគោលការណ៍ មនុស្សធម៌ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អ ជាមួយបណ្ដាប្រទេសជាមិត្ត និងផ្អែកលើកត្តាសត្យានុម័ត ដែលចំនួនអ្នកកាន់ទិដ្ឋាការការទូតប្រភេទ A និង ទិដ្ឋាការផ្លូវការប្រភេទ B ពុំមានចំនួនច្រើន លើសលប់នោះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងការបង់ថ្លៃ ធ្វើតេស្តរកវីរុសកូដ-១៩ លើកទី១ និងលើកទី២។
យោងតាមសម្រេច កែសម្រួលវិធានការសុខាភិបាល សម្រាប់អនុវត្តចំពោះមន្ត្រីការទូត និងអង្គការអន្តរជាតិដែលចូលមកកម្ពុជា បានឲ្យដឹងបន្ថែមថាមន្ត្រីការទូត និងអង្គការអន្តរជាតិ ត្រូវមានវិញ្ញាបនបត្របញ្ជាក់សុខភាព (Health Certificate) ចេញដោយអាជ្ញាធរសុខាភិ បាលទទួលស្គាល់ដោយប្រទេសសាមីបញ្ជាក់ថា គ្មានជំងឺកូវីដ-១៩ ក្នុងរយៈពេល៧២ម៉ោងមុន ពេលចេញដំណើរ។
មន្ត្រីការទូត និងអង្គការអន្តរជាតិដែលទទួលបាន ទិដ្ឋាការការទូតប្រភេទ A និងទិដ្ឋាការផ្លូវការប្រភេទ B ត្រូវធ្វើតេស្តទាំងអស់ ពេលមកដល់កម្ពុជា ហើយ សំណាកត្រូវយកនៅទីតាំងពិសេស ក្នុងស្ថានីយ មកដល់របស់អ្នកដំណើរតែម្ដង។
ត្រូវរង់ចាំលទ្ធផល តេស្តរយៈពេលយ៉ាងតិច២៤ម៉ោង នៅទីតាំងសណ្ឋាគារ ឬកន្លែងស្នាក់នៅណាមួយ ដោយគោរព តាមគោលការណ៍ ប្រតិបត្តិស្ដង់ដារ(SOPs) ដែលបានឯកភាព ដោយគណៈកម្មការអន្តរក្រសួង និងការធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅទីតាំងទាំងនោះ បើមានតម្រូវការចាំបាច់ នៃវិធានការសុខាភិបាល សាធារណៈ។ សំណាកដែល បានធ្វើពេលមកដល់ នឹងត្រូវបញ្ជូន ទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា និងការធ្វើតេស្តលើកទី២ នៅថ្ងៃទី១៣ ក៏ត្រូវធ្វើនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា តាមការកំណត់របស់ក្រសួងសុខាភិបាល។
ក្នុងករណីរកឃើញវីរុសកូវីដ-១៩ វិជ្ជមាន បញ្ជាក់ ដោយមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា អ្នកជំងឺត្រូវបញ្ជូនទៅកាន់ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ឬមន្ទីរពេទ្យណាផ្សេងដែលស្ថានទូតសំណូមពរ ហើយដែលក្រសួងសុខាភិបាល ឯកភាពដើម្បីធ្វើការព្យាបាល។ ការសម្រាកព្យាបាល នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ឬមន្ទីរពេទ្យណាផ្សេង រាល់ការចំណាយ និង តម្លៃសេវាព្យាបាលជាបន្ទុករបស់មន្ត្រីទូត ឬស្ថានទូត និងអង្គការអន្តរជាតិផ្ទាល់។
ស្ថានបេសកកម្ម បរទេសទាំងអស់ នឹងតម្រូវឲ្យចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រសួងសុខាភិបាល ពាក់ព័ន្ធនឹងគោលការណ៍ប្រតិបត្តិស្ដង់ដារ (SOPs) ដើម្បីបង្ការ ការចម្លងជំងឺកូវីដ-១៩ នៅកម្ពុជា។
គិតត្រឹមថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាបានរកឃើញអ្នកឆ្លងសរុប២៤៣នាក់ (ស្ត្រី ៤៧នាក់ និងបុរស ១៩៦នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន២០២នាក់ (ស្រី៤៥នាក់ និងបុរស១៥៧នាក់) និង អ្នកសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួនសរុប៤០នាក់ និងអ្នកសម្រាកព្យាបាល នៅបន្ទប់ ដោយឡែកក្នុងស្ថានទូតអាមេរិក ប្រចាំកម្ពុជា ០១នាក់ ៕