ធនាគារឯកជនចំនួន៤ សុំសហការជាមួយ ក្រសួងមហាផ្ទៃ ផ្ដល់សេវាគ្រប់គ្រងចំណូលរដ្ឋ (Video)

0

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា នាពេលកន្លងមកមាន ធនាគារឯកជនចំនួន៤ ស្នើសុំសហការជាមួយក្រសួងមហាផ្ទៃ ដើម្បីផ្ដល់សេវាមួយចំនួន សម្រាប់ប្រតិបត្តិការគ្រប់គ្រង ចំណូលរដ្ឋហើយត្រូវបានសម្ដេចណែនាំ ឲ្យនាយកដ្ឋានពាក់ព័ន្ធ ធ្វើការសិក្សាលម្អិតផងដែរ។

ក្នុងកិច្ចប្រជុំស្តីពី សំណើសុំកិច្ចសហការ ផ្តល់សេវាធនាគារ សម្រាប់គ្រប់គ្រងប្រតិបត្តិការ ចំណូលរដ្ឋ នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា «កន្លងមក ធនាគារឯកជនចំនួន៤ បានស្នើសហការ ជាមួយក្រសួងមហាផ្ទៃ ដើម្បីផ្ដល់សេវាធនាគារ មួយចំនួន សម្រាប់ប្រតិបត្តិការគ្រប់គ្រងចំណូលរដ្ឋ ហើយសម្រាប់សំណើសុំ កិច្ចសហការនេះ ក៏បានចាត់ចែង ឲ្យនាយកដ្ឋានពាក់ព័ន្ធ ធ្វើការសិក្សា និង រៀបចំក្រុមការងារ ដើម្បីពិភាក្សាជាមួយ ធនាគារដៃគូទាំងនោះ»។

បន្ថែមពីនេះទៀត សម្ដេចក្រឡាហោម ក៏បានណែនាំឲ្យនាយកដ្ឋាន និងស្ថាប័នពាក់ព័ន្ធឲ្យសិក្សាបន្ថែម ពីប្រព័ន្ធប្រតិបត្តិការ របស់ធនាគារនីមួយៗ កាន់តែច្បាស់លាស់ ហើយបន្តស្វែងយល់ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នូវបញ្ហាប្រឈមផ្សេងៗ ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់ ក្នុងការដោះស្រាយបញ្ហា ទាំងនោះ៕