គួរឲ្យអាសូរ! ឪពុកម្ដាយចិត្តអប្រិយ យកកូនទើបកើតថ្មីៗ មកបោះចោលក្នុងគំនរសំរាម 

0

ភ្នំពេញ៖ ទារិកាទើបនឹងកើតថ្មីៗ ត្រូវប្រជាពលរដ្ឋ​ និងកម្មករប្រមូលសំរាម ប្រទះឃើញនៅលើគំនរសំរាម ជាប់បង្គោលភ្លើងមួយកន្លែង ដោយមិនដឹងថា ម្តាយឬឪពុករូបណាចិត្តអប្រិយ យកមកបោះបង់ចោលកូនរបស់ខ្លួន ដូចសត្វធាតុដូច្នេះ តែសំណាងល្អ ត្រូវបានបុរសស្រី្ត ២នាក់ប្ដីប្រពន្ធ រើសទារិកានោះយកមកចិញ្ចឹមបីបាច់ថែរក្សា ។

ទារិកាកំសត់នោះត្រូវបាន ឪពុកម្ដាយចិត្តអប្រិយ យកមកបោះបង់ចោល កាលពីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចគំនរសំរាម មុខរោងចក្រកាត់ដេរមួយ ជិតផ្សារក្រមួន លើផ្លូវជាតិលេខ២ ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយរើសយកទារិកា មកបីបាច់ហើយនោះ កាលពីរសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ បុរសស្រី្ត ២នាក់ប្ដីប្រពន្ធ បាននាំទារិកានេះ​មកសាលាសង្កាត់ចាក់អង្រែក្រោម ដើម្បីធ្វើបែបបទផ្សេងៗ ពីអាជ្ញាធរសង្កាត់ចាក់អង្រែក្រោមឱ្យដឹងឮ និងដើម្បីបញ្ចាក់ថា រូបគាត់សុខចិត្តចិញ្ចឹមបីបាច់ថែរក្សា ដូចកូនបង្កើតដោយស្របច្បាប់ និងបានរៀបរាប់ប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់និងប្ដីបានមកលក់ឆាក្ដៅ និងសាច់ក្លែមតាមរទេះ ដែលទើបមកដាក់លក់នៅទីនោះ បាន៣ថ្ងៃប៉ុណ្ណោះ លុះថ្ងៃប្រទះឃើញ ខណៈពេលប្ដីរបស់គាត់កំពុងអង្គុយហូបអី ជាមួយមិត្តភក្តិពីរបីនាក់ទៀត នៅក្បែរកន្លែងលក់។

ហើយនៅម៉ោងកើតហេតុ រថយន្តស៊ិនទ្រីដែលមានកម្មករប្រមូលសំរាម ដើរតាមប្រមូលសំរាម និងយករនាស់ដែកចុងស្រួចៗមុខបី កាយសំរាមបោះចូលឃ្លប់រថយន្ត ហើយនៅពេលរថយន្តដឹកសំរាម បើកមកដល់ដើម្បីរងចាំ ឱ្យកម្មករប្រមូលសំរាម មកតាមក្រោយ ស្រាប់តែលឺសម្លេងក្មេងយំង៉ាង៉ា ដោយពេលនោះក៏មានកម្មករម្នាក់ថា សម្លេងកូនឆ្មាយំទេដឹង? ក៏នាំគ្នាដើររកមើលឱ្យអស់ចម្ងល់ទាំងអស់គ្នា ស្រាប់តែឃើញទារកនៅមានជីវិតនៅឡើយ ទើបស្រ្តីជាប្រពន្ធចូលទៅបីយកចេញមក ទាំងមានអារម្មណ៍ក្ដុកក្ដួល និងអាណិតអាសូរយ៉ាងខ្លាំង ដោយមិនដឹងថា ម្តាយឬឪពុករូបណាចិត្តអប្រិយ បោះបង់ចោលកូនរបស់ខ្លួន ដូចសត្វធាតុដូច្នេះ ណាមួយអាណិតហើយក្មេងស្រីទៀត កើតមកបំណាច់តែបានឃើញ ពន្លឺព្រះអាទិត្យហើយ ម្តេចឡើយឪពុកម្តាយមានចិត្តទោម្នេញអ្វី ជាមួយគ្នាដែលទើបនឹងកើតបែបនេះ ក៏រើសបីយកមកបីបាច់ថែរក្សាតែម្ដង និងប្រាប់អាជ្ញាធរ នឹងសមត្ថកិច្ចមូលដ្ឋាន រួមទាំងអ្នកភូមិបានដឹងឮផងដែរ។

កាលពីថ្ងៃទី៣ សីហា ប្ដីប្រពន្ធអ្នកលក់ឆាក្ដៅខាងលើ ក៏បានយកទារិកាជីវិតថ្លៃនេះ យកទៅពិនិត្យសុខភាព នៅឯមន្ទីរពេទ្យហើយ ដោយក្រុមគ្រូពេទ្យបានប្រាប់ថា ទារិកានេះ គឺមានគ្រប់លក្ខណៈទាំងអស់ តែត្រចៀកម្ខាងមានការហូរឈាមចេញមក ដោយសារក្មេងត្រូវគេ បោះបង់ចោលលើគំនរសំរាម ធ្វើឲ្យទឹកកាកសំណល់សំរាម ផ្សេងៗដែលកខ្វក់នោះ ហូរចូលត្រចៀកម្ខាង ដូច្នេះក្រុមគ្រូពេទ្យពិនិត្យ តាមដានបន្តនៅថ្ងៃទី៤ សីហានេះបន្តទៀត ៕