ភ្នំពេញ៖ នាយខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ លោក ម៉ុក ពន្លក បានព្រមានចាត់វិធានការច្បាប់ ទៅលើអាជីវករទាំងឡាយណា ដែលមិនព្រមស្ដាប់ការណែនាំ របស់មន្រ្តីជំនាញ ហើយនៅតែបន្តទិញ លក់ប្រភេទត្រីដែលកំពុងរងគ្រោះ ជិតផុតពូជ ។
ក្នុងឱកាសដឹកនាំកម្លាំងចុះណែនាំ អប់រំផ្សព្វផ្សាយដល់ បងប្អូនអាជីវករលក់ត្រី ដោយហាមមិនឱ្យទិញ លក់ និងដឹកជញ្ជូនប្រភេទត្រី ដែលកំពុងរងគ្រោះជិតផុតពូជ និងនេសាទដោយឧបករណ៍ខុសច្បាប់ នៅថ្ងៃទី៤ សីហានេះ លោកនាយខណ្ឌរដ្ឋបាល ជលផលខេត្តក្រចេះ បានមានប្រសាសន៍ថា ប្រភេទធនធានជលផល ដែលកំពុងរងគ្រោះជិតផុតពូជមានចំនួន ២៩ប្រភេទ ដែលមានឈ្មោះដូចនៅលើរូបផ្ទាំងស្ទីកឃ័រ ដែលមន្រ្តីជំនាញបានចែកជូន ដល់បងអាជីវករ និងបិទនៅតាមទីផ្សារ ។ ហើយត្រីដែលមានលក់លើទីផ្សារ ខេត្តក្រចេះប្រចាំថ្ងៃ ដែលត្រូវហាមឃាត់រួមមាន៖ ត្រីក្របី, ត្រីត្រសក់, ត្រីគល់រាំង, ត្រីរមាស, ត្រីត្រចៀកដំរី, អណ្ដើកទឹក និងកន្ទាយក្បាលកង្កែប ជាដើម។
លោក ម៉ុក ពន្លក ព្រមានថា «បើបងប្អូនដឹងហើយ មិនព្រមស្ដាប់ការណែនាំ របស់មន្រ្តីជំនាញ ហើយនៅតែបន្តទិញ លក់ប្រភេទត្រីដែលមាន ដូចមន្ត្រីជំនាញបានអប់រំណែនាំ ធ្វើកិច្ចសន្យានោះ លើកក្រោយសមត្ថកិច្ច នឹងធ្វើការចាប់រឹបអូសយក ហើយអ្នកលក់ និងមានទោសថែមទៀត» ។
លោកបន្ថែមថា ជំហ៊ានទី១.សមត្ថកិច្ចយើងចុះអប់រំ ផ្សព្វផ្សាយ ធ្វើកិច្ចសន្យាឱ្យបញ្ឈប់ ប្រសិនបើនៅតែមិនព្រម គោរពតាមការណែនាំទេ នឹងអនុវត្តជំហ៊ានទី២.គឺលោកនឹងដឹកនាំមន្រ្តីជំនាញ សហការជាមួយអាជ្ញាធរ ចុះត្រួតពិនិត្យចាប់បង្រ្កាប ព្រមទាំងធ្វើការវះកាត់ត្រី ពិនិត្យមើលថាបើកមានបាក់ឆ្អឹង ឬជាំឈាម គឺជាប្រភេទត្រីខុសច្បាប់ដោយ បានមកពីឧបករណ៍ឆក់ សមត្ថកិច្ចនឹងធ្វើការចាប់រឹកអូសយក ហើយម្ចាស់ក៏ត្រូវមានទោស តាមច្បាប់ស្តីពីជលផល ៕