ប្រមុខការពារជាតិ បន្តប្រាប់ឲ្យបងប្អូនកងទ័ព​ និងពលរដ្ឋ​ ចៀសវាងការជួបជុំ ដែលមានមនុស្សច្រើន

0

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបន្តអំពាវនាវឲ្យបងប្អូនកងទ័ព និងប្រជាពលរដ្ឋ ចៀសវាងការជួបជុំ ដែលមានមនុស្សច្រើន ជាពិសេសថែរក្សាសុខាភាព ដើម្បីចៀសផុតពីកូវីដ១៩ ។

សម្ដេច ទៀ បាញ់ បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៤ សីហានេះថា ស្ថានភាពនៃការគំរាមកំហែង ពីមេរោគកូវីដ-១៩ គឺនៅមានកំរិតខ្ពស់នៅឡើយ។ ជាក់ស្ដែងអត្រាចម្លងថ្មី និងមរណភាព មានចំនួនកើនឡើងជាលំដាប់ នៅតាមបណ្តាប្រទេសនានា ក៏ដូចជាប្រទេសដែលស្ថិតនៅ តំបន់អាស៊ានផងដែរ។

សម្ដេចបញ្ជាក់ថា «ហេតុនេះ សូមបងប្អូនកងទ័ព​ និងប្រជាពលរដ្ឋ​ បន្តចៀសវាងការជួបជុំ ដែលមានមនុស្សច្រើន ត្រូវពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ឧស្សាហ៍លាងសម្អាតដៃជាមួយសាប៊ូ ឬអាល់កុល បន្តរក្សាគម្លាតឆ្ងាយពីគ្នា កុំចាកចេញពីផ្ទះបើមិនចាំបាច់ និងអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវរាល់វិធានការនានា ដែលក្រសួងសុខាភិបាលបានណែនាំ» ។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី៤ សីហានេះ កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ សរុប ២៤១នាក់ ក្នុងនោះអ្នកជាសះស្បើយមានចំនួន ២០០នាក់ និងអ្នកកំពុងសម្រាកព្យាបាលមានចំនួន ៣៩នាក់ ៕